2024-03-26 16:25
254

ព្រះវិហារ៖ ប្រជាពលរដ្ឋស្រុកឆែប បានបង្ហើបឲ្យដឹងថា កាលពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ទីតាំងដីអនុក្រឹត្យ១កន្លែង ដែលជាដីបម្រុងទុករបស់រដ្ឋ គ្រប់គ្រងដោយក្រសួងបរិស្ថាន ត្រូវបានបុគ្គលអ្នកមានអំណាចម្នាក់ ក្នុងខេត្តព្រះវិហារ រំលោភយ៉ាងស្ងៀមស្ងាត់ អស់ប្រមាណជាង១០០ ហិចតា។

ការរំលោភកាន់កាប់ដីរបស់រដ្ឋនោះ អាជ្ញាធរ នឹងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការ រឺចំណាត់ការផ្លូវច្បាប់ណាមួយ ចំពោះបុគ្គលដែលប្រព្រឹត្តនោះនៅឡើយទេ រហូតមកទល់ពេលនេះ ។

សូមបញ្ជាក់ផងដែរ៖ កាលពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២៤នេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ជាឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល ធ្លាប់បានចុះទៅល្បាតនៅចំណុច និយាមកា ៥៣៩៨០០-១៥១៥៦១២ នឹងបានជួបទីតាំងឈូសឆាយខាងលើពិតប្រាកដមែន ខណៈនោះដែរខាងមន្រ្តីបរិស្ថានបាន លើកឡើងថា «មន្ត្រីជំនាញនឹងមានវិធានការ ចំពោះជនដែលប្រព្រឹត្តិ នឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ» ។ ប៉ុន្តែដោយឡែកពាក់ព័ន្ធ នឹងទំហំផ្ទៃដីខាងលើដែលបានរំលោភនោះ ខាងមន្រ្តីបរិស្ថាន លោកបានពិនិត្យឃើញថា «មានទំហំប្រមាណជាង ៣០ហិចតា ដែលផ្ទុយនឹងទីតាំងជាក់ស្តែងផ្ទៃដីដែលត្រូវបានរំលោភ គឺមានទៅដល់ជាង ១០០ហិចតា ឯណោះ»។

លោក ផិត វណ្ណះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកដែនជម្រកសត្វព្រៃ ( ព្រៃឡង់) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ជុំវិញករណីខាងលើ អ្នកសារព័ត៍មានយើង មិនអាចសុំបំភ្លឺព័ត៍មានបានទេ ដោយខលចូលច្រើនដងលោកមិនទទួលដោយចុចបិទទូរសព្ទ។
នៅព្រឹកថ្ងៃដដែល លោក សុខសាន្ត ដារ៉ា អភិបាលរង ខេត្តព្រះវិហារ ទទួលបន្ទុកការងារ មូលដ្ឋានស្រុកឆែប បានឲ្យដឹងថា «លោកមិនបានជ្រាបទេ ចំពោះបញ្ហាខាងលើ លោកថា បើចង់ជ្រាបច្បាស់សួទៅខាងមន្ទីរបរិស្ថាន»។

ដោយឡែក លោក ង៉ូវ បូរីណា រដ្ឋលេខាធិការ នឹង ជាអ្នកនាំពាក្យ របស់ក្រសួងបរិស្ថាន បានឲ្យដឹងតាមទូរសព្ទថា «សូមចូលរួមជួយការពារធនធានធម្មជាតិទាំងអស់គ្នា»។ លោកបន្តថា ពាក់ព័ន្ធករណីខាងលើនេះ «ចាំលោករាយការណ៍ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីមានវិធានការ នឹងរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តព្រះវិហារ »។ 

ពលរដ្ឋក្នុងខេត្តព្រះវិហារ រំពឹងថា អាជ្ញាធរខេត្តជាមួយ សមត្ថកិច្ចពាក់ព័ន្ធ នឹងមានវិធានការក្តៅចំពោះ ក្រុមឈ្មួញទុច្ចរិតទាំងឡាយណា ដែលបានរំលោភនឹងបំផ្លិចបំផ្លាញដីព្រៃសាធារណះ របស់រដ្ឋក្នុងខេត្តព្រះវិហារ ទាំងមូល យកមកផ្តន្ទាទោសតាមច្បាប់ជាក់ជាមិនខាន ។

សូមរំលឹកផងដែរថា៖ ដីបម្រុងទុករបស់រដ្ឋ ចំនួន ៣១ហិចតា និង ៨៤អា ដែលអាជ្ញាធរខេត្តព្រះវិហារ បានធ្វើការដកហូតពីឈ្មួញឋិតនៅចំណុច អូរទួលសុក្រម ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ កន្លងទៅ ដែលក្រុមឈ្មួញបានលួចឈូសឆាយដីព្រៃនេះយកធ្វើកម្មសិទ្ឋិតែដល់បែកការដឹងរឿងដល់អ្នកការសែតធ្វើការចុះផ្សាយព្រោងព្រាត គ្រានោះរដ្ឋបាលខេត្តព្រះវិហារ ក៏បានចេញលិខិតដកហូតដីខាងលើ ទុកជាសម្បត្តិរដ្ឋវិញ នៅឆ្នាំដដែល រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បាននាំយកកូនឈើចម្រុះយកទៅដាំទីតាំងនោះឡើងវិញោងដែរ។

ក្រោយមកត្រូវបានរាជដ្រឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ ១៨១ នឹង អនុក្រឹត្យលេខ ១៧៤ អនក្រ ប.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដាកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ប៉ុន្តែគួរឱ្យសោកស្តាយ នៅឆ្នាំ២០២៤ នេះត្រូវបាន អ្នកមានលុយអាងអំណាចម្នាក់ក្នុងខេត្តមួយនេះ លួចធ្វើសកម្មភាពឈូសឆាយដីខាងលើអស់ជាច្រើនហិចតា នឹងបំផ្លិចបំផ្លាញកូនឈើដែលអាជ្ញាធរបានដាំកន្លងទៅអស់ខ្ទេចខ្ទី ដើម្បីយកដីនេះធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួនទៅវិញ៕ ដោយ៖ ទ្រី សុផល