2024-03-26 17:11
206

ខេត្តក្រចេះ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តក្រចេះ គឺជាខេត្តទី១៥ ជាខេត្តអស់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
 
ថ្លែងក្នុងពិធីនោះលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកឡើងថា រយៈជាង៤០ឆ្នាំ នេះ ប្រជាពលរដ្ឋខេត្តក្រចេះបានរស់នៅ និងរងគ្រោះដោយសាឃាតករលាក់មុខ (គ្រាប់មីន) និងបានបណ្តាលឲ្យប្រជាពលរដ្ឋក្លាយជាអ្នកកំព្រា អ្នកមេម៉ាយ ពោះម៉ាយ តែពេលនេះខេត្តក្រចេះអស់មីន គឺបានចូល រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខេត្តផងដែរ។ 

លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦% ហេដ្ឋារចនាសម្ព័ន្ធ ៥% និងផ្សេងៗ ១៩% រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយប្រជាពលរដ្ឋទទួលផលជាង ១១ លាននាក់ ក្នុងនោះខេត្តចំនួន ១៥ ត្រូវបានប្រកាសជាខេត្តអស់មីន រួមទាំងខេត្តក្រចេះ នាថ្ងៃនេះ។ ចំនួនជនរងគ្រោះ បានថយចុះពី ៤ ៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣ និងមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំ និងមកក្រោម ៥០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ ចុងក្រោយ។ 

ដោយឡែកឆ្នាំ២០២៣ កន្លងទៅ គឹជាឆ្នាំប្រវត្តិសាស្រ្តនៃការងារបោសសម្អាតមីន និងគ្រាប់ ដែលរដ្ឋាភិបាលបានធ្វើការបោសសម្អាតច្រើនជាងគេក្នុងរយៈពេលជាង ៣០ឆ្នាំ រហូតផ្ទៃដីចំនួន ៤៤៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ២៣ ៩៤៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២០៤ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤ គ្រាប់។ 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីជាការដឹងគុណដល់យុទ្ធជន និងយុវនារីដែលបានពលីជីវិតដើម្បីរំដោះជាតិ គឺត្រូវគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធផលខេត្ត ក្រចេះអស់មីន គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធ ផលជាច្រើនទៀតក្នុងរយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយនឹងការចូលរួមដ៏សប្បុរសបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។ រយៈពេល ៧ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ មានខេត្តចំនួន ០៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ សិស្សានុសិស្ស និង កុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែល មានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាមនិង ស្នើសុំដល់អាជ្ញាធរមីន រៀបចំកំណត់តំបន់ និងបរិវេណ ទីតាំងដែលមានចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបាន ច្បាស់លាស់ ហើយលើក ស្លាកសញ្ញាបង្ហាញលើទីតាំងដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ ដែលអាចជៀសវាងបាននូវគ្រោះថ្នាក់ដែលអាចកើតមាន ឡើងជាយថាហេតុ៕