2024-03-27 14:29
299

រដ្ឋធានីកៀវ៖     រហូតមកដល់ពេលនេះ ថ្វីបើអ៊ុយក្រែន នៅតែមិនទាន់អាចបណ្ដេញ ឬ យកជ័យជម្នះលើទាហានរុស្ស៊ី យ៉ាងណាក្ដី ប៉ុន្ដែកងទ័ពអ៊ុយក្រែន មានសមត្ថភាពមិនធម្មតានោះដែរ ទើបអាចទប់ទល់នឹងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លារបស់មហាអំណាចយោធាពិភពលោកបាន ហើយឥឡូវ រដ្ឋាភិបាលក្រុង ចាប់ផ្ដើមបង្កើនការចំណាយគ្រឿងសព្វាវុធ ផលិតដោយខ្លួនឯង ដោយរាប់បញ្ចូលទាំងដ្រូនសមុទ្រ ដ្រូនហោះហើរលើអាកាស និង ដ្រូនរត់នៅលើដី សម្រាប់ជួយដល់សកម្មភាពរបស់កងទ័ព បណ្ដេញទាហានឈ្លានពាន ចេញពីទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ថា អ៊ុយក្រែន ពិតជាមានតម្រូវការនូវគ្រឿងសព្វាវុធជាច្រើន សម្រាប់បណ្ដេញទាហានរុស្ស៊ី ចេញពីទឹកដីរបស់ខ្លួន។ ចំណុចពន្លឺថ្មីមួយ កំពុងតែលេចឡើង គឺឧស្សាហកម្មការពារជាតិដ៏តូចមួយរបស់ប្រទេសនេះ កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈរដ្ឋាភិបាលក្រុងកៀវ កំពុងតែចំណាយលុយយ៉ាងច្រើន ដោយសង្ឃឹម ថា នឹងបង្កើនលើគ្រឿងសព្វាវុធ និង គ្រាប់រំសេវ ផលិតដោយខ្លួនឯង។

អ៊ុយក្រែន បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង កាលពីឆ្នាំ២០២៣ ស្របពេលសហរដ្ឋអាមេរិក និង អឺរ៉ុប មានភាពតឹងតែង លើការផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ការផ្ដល់ជំនួយផ្សេងៗទៀត ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកម្លាំងយោធាដ៏ខ្លាំងក្លារបស់រុស្ស៊ី ដែលគាំទ្រដោយឧស្សាហកម្មការពារជាតិក្នុងស្រុក កំពុងតែរីកចម្រើនយ៉ាងខ្លាំង។ រដ្ឋាភិបាលក្រុងកៀវ បានចំណាយថវិកា ជិត ១,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគ្រឿងសព្វាវុធ នៅក្នុងប្រទេសរបស់ខ្លួន ដោយកើនឡើង ប្រហែល២០ដង នៅមុនពេលទាហានរុស្ស៊ី បានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

គោលនយោបាយផ្លាស់ប្ដូរដ៏ខ្លាំងបែបនេះ គឺគ្រឿងសព្វាវុធមួយចំនួនធំ ត្រូវបានទិញពីរោងចក្រឯកជនជាច្រើន។ រោងចក្រទាំងនេះ កំពុងតែរីកដុះដាលពាសពេញប្រទេសយ៉ាងឆាប់រហ័ស ហើយបានកាន់កាប់ឧស្សាហកម្មមួយផ្នែក ដែលគ្រប់គ្រង ដោយក្រុមហ៊ុនរបស់រដ្ឋ។ រីឯរោងចក្រផលិតគ្រាប់កាំភ្លើងត្បាល់ឯកជនមួយកន្លែង ដែលបានបើកដំណើរការ នៅភាគខាងលិចអ៊ុយក្រែន កាលពីឆ្នាំ២០២៣ កំពុងតែផលិតគ្រាប់រំសេវបាន ប្រហែល ២0 000គ្រាប់ ក្នុងមួយខែ។

លោក អាណាតូលលី គូស្មីន (Anatolli Kuzmin) វ័យ៦៤ឆ្នាំ ជាម្ចាស់រោងចក្រ ដែលធ្លាប់ផលិតឧបករណ៍កសិកម្ម ហើយបានភៀសខ្លួន ចេញពីផ្ទះរបស់គាត់ នៅភាគខាងត្បូងរបស់អ៊ុយក្រែន កាលពីឆ្នាំ២០២២ បានបញ្ជាក់ ថា «ខ្ញុំមានអារម្មណ៍ ថា យើងកំពុងតែនាំប្រទេសរបស់យើង ខិតទៅកាន់តែជិត នឹងទទួលជ័យជម្នះ»។

រុស្សី កំពុងតែគ្រប់គ្រងទឹកដីរបស់អ៊ុយក្រែន ប្រហែលជិតមួយភាគបួន ហើយមានសន្ទុះទៅមុខ នៅតាមសមរភូមិជួរមុខ ចម្ងាយប្រហែល១០០០គីឡូម៉ែត្រ ដោយបានបង្ហាញពីឆន្ទៈ នៅក្នុងការចំណាយកងទ័ពមួយចំនួនធំ ដើម្បីឈានទៅការគ្រប់គ្រងទឹកដី កាន់តែធំ។ ដោយឡែក កងទ័ពការពារទឹកដីអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងការខ្វះខាតអាវុធ។

លោក តារ៉ាស ឈ្មូត (Taras Chmut) នាយកគ្រឹះស្ថាន Come Back Alive Foundation ដែលជាអង្គការមួយបានរៃអង្គាសប្រាក់បានជាង២៦០លានដុល្លារ បានអះអាង ថា «អ្នកត្រូវការកាំភ្លើងត្បាល់ មិនមែនត្រឹមតែរយៈពេល៣ឆ្នាំនោះទេ ឥឡូវ អ្នកពិតជាត្រូវការគ្រាប់កាំភ្លើងប្រភេទនេះ ដើម្បីបំពាក់ដល់កងទ័ពអ៊ុយក្រែន ជាមួយនឹងកាំភ្លើងយន្ដ រថពាសដែក និង គ្រឿងសឹកជាច្រើនទៀត។

លោក អាណាតូលលី គូស្មីន ជាម្ចាស់រោងចក្រផលិតគ្រាប់កាំភ្លើងត្បាល់ បានរត់ភៀសខ្លួន ចេញពីភាគខាងត្បូង ទីក្រុងមេលីតូប៉ូល (Melitopol) នៅក្នុងឆ្នាំ២០២២ ក្រោយពេលទាហានរុស្ស៊ី បានឈ្លានពាន និង រឹបអូសរោងចក្ររបស់គាត់ ដែលភាគច្រើនផលិតគ្រឿងបន្លាស់ឧបករណ៍កសិកម្ម។ គាត់ចាប់ផ្ដើមបង្កើតប្រភេទគ្រាប់គ្រាប់កាំភ្លើងត្បាល់ ហើយឥឡូវគាត់បានកាន់កាប់ឃ្លាំងដ៏ធំមួយ នៅភាគខាងលិចរបស់អ៊ុយក្រែន កាលពីរដូវរងារឆ្នាំ២០២៣។ រីឯ គោលដៅដ៏រយៈពេលវែងឆ្ងាយរបស់គាត់ រួមមាន ទាំងការជំរុញដល់ការផលិតគ្រាប់កាំភ្លើងត្បាល់ រហូតដល់ដល់ ១00 000គ្រាប់ ក្នុងមួយខែ ហើយអភិវឌ្ឍម៉ាស៊ីន និង គ្រឿងផ្ទុះ សម្រាប់ដ្រូនជាច្រើនប្រភេទ។

ថៅកែរោងចក្រវ័យជាង៦០ឆ្នាំរូបនេះ គ្រាន់តែជាសហគ្រិនមួយរូប នៅក្នុងចំណោមសហគ្រិនជាច្រើន ផ្លាស់ប្តូរឧស្សាហកម្មគ្រឿងសព្វាវុធរបស់អ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រង ដោយសហគ្រាសរដ្ឋ បន្ទាប់ពីការបែកបាក់ នៃសហភាពសូវៀត។ សព្វថ្ងៃនេះ មានប្រហែល៨០ ភាគរយ នៃឧស្សាហកម្មការពារជាតិ ស្ថិតក្នុងដៃឯកជន។

ការកើនឡើង នៃការចំណាយយោធារបស់អ៊ុយក្រែន បានកើតឡើង ស្របពេលជំនួយយោធាចំនួន៦០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ត្រូវជាប់គាំង នៅក្នុងសភា ខណៈបណ្តាប្រទេសជាច្រើននៅអឺរ៉ុប កំពុងតែពុះពារនៅក្នុងការផ្តល់គ្រាប់រំសេវឱ្យបានគ្រប់គ្រាន់ មកដលល់ក្រុងកៀវ៕