2023-05-01 14:14
834


សៀមរាប៖ រថយន្តម៉ាស្តាស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខនគរបាលក្លែងក្លាយ បានបើកបុកម៉ូតូពេញមួយទំហឹងបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលារំលងអាធ្រាតឈានចូលថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង  សង្កាត់ស្លក្រាម ក្រុង-សៀមរាប។


នគរបាលបានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក ម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់ឈ្មោះធ្វើដំណើរក្នុងមានទិសដៅពីកើតឆ្ពោះទៅលិចដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AH-3243 អ្នកបើកបរឈ្មោះ លឹម ពុទ្ធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។
នគរបាលចរាចរណ៍ បានឲ្យដឹងថា កក្តាដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរណ៍ដោយសារតែអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកអ្នកបើកបរម៉ូតូទាំងកំរោលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងរួចអ្នកបើកចុះរត់គេចខ្លួនបាត់ស្រមោល។ នគរបាលបានបន្តទៀតថា ចំពោះរថយន្តបង្កគ្រោះថ្នាក់ គឺពាក់ស្លាកលេខនគរបាលក្លែងក្លាយថែមទៀតផង។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀម ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តអនុវត្ត៍តាមផ្លូវច្បាប់៕