2024-03-28 15:53
268

កំពង់ធំ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើថា៖ ប្រជាកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន ៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រង ជា «សហគមន៍កសិកម្មទំនើប»។ ក្រុមការងារនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះជាផ្លូវការនាពេលខាងមុខ។ 

លោក ឃឹម ហ្វីណង់ បានលើកឡើងបែបនេះ ក្នុងពេលចុះជួបជាប្រជាកសិករដាំស្វាយចន្ទីនៅឃុំសាលានិស័យ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា៖ បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុន ចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើអាចធានាទិញយកបានទាំងអស់តែម្តង។ 

លោក ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ថា «កសិករមួយក្រុមនេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ចំនួន ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា»។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះសង្ឃឹមថា «ជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ពុកម៉ែបងប្អូនសមាជិកដទៃទៀត ក៏ដូចជាកសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ»៕