កំពង់ឆ្នាំង៖ ទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់ដ៏ទំនើបមួយកន្លែងបង្កប់ខ្លួនក្នុងក្រុមហ៊ុន «ហ្គ្រីន រីសត» បានធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងរង្គាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបតាមបទបញ្ជារបស់លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពអភិបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានរកឃើញកូនឈើមិនទាន់គ្រប់អាយុរាប់រយម៉ែត្រគូប និងកំទេចឈើកិនរួចរាប់ពាន់តោនផងដែរ។
ទីតាំងក្រុមហ៊ុន «ហ្គ្រីន រីសត» ដែលលួចដាក់ម៉ាស៊ីនដ៏ទំនើប ចំនួន ០២គ្រឿង ធ្វើសកម្មភាពកិនកូនឈើដោយខុសច្បាប់នេះ ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបនៅវេលាម៉ោង ១៣រសៀល ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ និងកំពុងរៀបចំកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការចាត់ការ។
ក្នុងកិច្ចប្របត្តិការខាងលើដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការរងទទួលផែនប្រឆាំងបទល្មើស អនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការពារធនធានធម្មជាតិ តាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំមួយក្រុមមានគ្នា ចំនួន ១៣នាក់ មានមធ្យោបាយរថយន្ត ចំនួន ០៣គ្រឿង ដោយមានការសម្របសម្រួលដោយផ្ទាល់ពិលោក កែវ វនី្ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិការស្រាវជ្រាវរុករកឃើញ ទីតាំងដាក់ម៉ាស៊ីនកិនកម្ទេចឈើដ៏ទំនើប ចំនូន ២គ្រឿង ខុសច្បាប់ ក្នុងក្រុមហ៊ុន ហ្គ្រីន រីសត ខាងលើ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបម៉ាស៊ីនកិនកម្ទេចឈើដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចបានរកឃើញមានម៉ាស៊ីនកិនដើមឈើទំនើបខ្នាតធំ ០២គ្រឿង, គំនរកំទេចឈើកិនរួចរាប់ពាន់តោន ០៣កន្លែង, គ្រឿងចក្រសម្រាប់ចាប់ដើមឈើកិន 0២គ្រឿង, រថយន្តធុនធំសម្រាប់ដឹកកំទេចឈើលាក់ទុកក្នុងព្រៃមួយគ្រឿង និងគ្រឿងបន្លាស់គ្រ្រឿងចក្រកិនកំទេចឈើមួយចំនួនទៀត។
តាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ម្ចាស់ទីតាំងក្រុមហ៊ុន «ហ្គ្រីន រីសត» មិនបានសហការជាមួយសមត្ថកិច្ចនោះទេ បានចាក់សោទ្វារចេញ-ចូលក្នុងទីតាំងក្រុមហ៊ុនហើយបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវទីតាំងដាក់ម៉ាស៊ីនដ៏ទំនើបរបស់ក្រុមហ៊ុន «ហ្គ្រីន រីសត» ដើម្បីកិនយកកម្ទេចឈើដោយខុសច្បាប់នេះ បានដំណើរតាំងកំឡុងខែកក្កដា ឆ្នាំ២០២៣ មកម្លេះ ដោយមានអ្នកណាដឹងឡើយ។ លុះរហូតសៀលថ្ងៃទី២៧ ខែមីនា កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់រថយន្តធុនធំ ០១គ្រឿង ដឹកកំទេចឈើកិនរួច ស្ថិតក្នុងភូមិសាស្ត្រឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលមានគោលដៅឆ្ពោះទៅខេត្តកំពត តាបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្រោយការបង្ក្រាបសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់រថយន្តដឹកកម្ទេចឈើកិននោះឲ្យទៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច រក្សាទុកកសាងសំណុំរឿងតាមផ្លូវច្បាប់។ លុះនៅថ្ងៃទី២៨ ខែមីនានេះ ទើបសមត្ថកិច្ចបើកប្រតិបត្តិការរុករកស្រាវជ្រាវរកឃើញទីតាំងលាក់ទុកម៉ាស៊ីនទំនើបកាន់កម្ទេចឈើនៅក្នុងទីតាំងក្រុមហ៊ុន «ហ្គ្រីន រីសត» តែម្តង។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្រុមហ៊ុន ហ្គី្រន រីសត មានដីទំហំជាង ៨០០ហិចតា ប៉ុន្តែចុងក្រោយនេះ ម្ចាស់ក្រុមហ៊ុនបានបិទទ្វារច្រកចេញ-ចូលក្នុងរីសតមិនឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ឬសម្រាកលំហែកាយដូចឆ្នាំមុនឡើយ លុះបន្ទាប់មកក៏បែកធ្លាយរឿងដាក់ម៉ាស៊ីនកិនកម្ទេចឈើខុសច្បាប់បែបនេះ។
លោក កែវ វន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងកិនកម្ទេចឈើខុសច្បាប់ក្នុងក្រុមហ៊ុន «ហ្គ្រីន រីសត» បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅថ្ងៃទី២៩ ខែមីនា នឹងរៀបចំក្រុមការងារចម្រុះថ្នាក់ខេត្តដើម្បីចុះមកពិនិត្យវត្ថុតាងសម្ភារៈ គ្រឿងចក្រ ក្នុងលើទីតាំងរបស់ក្រុមហ៊ុនជាមួយតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីប្រជុំពិភាក្សាសម្រេចចាត់វិធានការលើករណីនេះតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីបង្ក្រាប តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រគល់ទីតាំងម៉ាស៊ីនកិនកម្ទេចឈើឲ្យសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តយាមការការពារ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្គារ៕