2024-03-29 16:01
307

ខេត្តកំពង់ឆ្នាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង ដែលមានកងកម្លាំង សមត្ថកិច្ចចំនួន៦នាក់ បានប្រើប្រាស់បាឡាស្មាច់ចំនួន០២គ្រឿង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដែលប្រើឧបករណ៍ឆក់ត្រី កាលពីម្សិលមិញនេះ នៅចំណុចក្បាលកោះស្វាយកាប ភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនៃការបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចបានប្រទះឃើញបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅនឹងកន្លែង និងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។

ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន អាំងវែកទ័រចំនួន០២គ្រឿង អាគុយ៧០អំពែ ០២គ្រឿង អួនអូសទំហំ៧ម៉ែត្រគុណ៥ម៉ែត្រ ២ម៉ែត្រគុណ០.០១ម៉ែត្រ ចំនួន០២វង់ ខ្សែម៉ាសប្រវែង៧ម ចំនួន០២ខ្សែ បាឡាស្មាច់ទំហំ៨.១ម៉ែត្រ គុណ០.៨ម៉ែត្រគុណ០.៥ម៉ែត្រ ចំនួន០១គ្រឿង និងម៉ាស៊ីនម៉ាកហីណូតា ១៨សេះ ចំនួន០១គ្រឿង៕