2024-03-29 16:39
245

ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនបុគ្គលិកផ្នែកចែកចាយថ្នាំលាបប្រចាំតំបន់ម្នាក់ទៅតុលាការ ពាក់ពន្ធករណីកឹបកេងប្រាក់ក្រុមប្រមាណជាង៧ ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពប្រមូលប្រាក់ពីអតិថិជនរួចហើយ មិនបានបង់ឲ្យក្រុមហ៊ុនទេ ទុកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ។ 

ជនសង្ស័យមានឈ្មោះ ម៉េង កោសា ភេទប្រុស អាយុ៣៩ ឆ្នាំមុខរបរ បុគ្គលិកផ្នែកលក់ដូរ ក្រុមហ៊ុន ភីខុកផេនថ៍ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។ អង្គហេតុនៃការនាំខ្លួនជនសង្ស័យទៅតុលាការ សមត្តកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីខាងក្រុមហ៊ុន ដែលបានចោទប្រកាន់ពីបទ.កឹបកេងប្រាក់ក្រុមហ៊ុនចំនួន ៧៩ ៦៨០ ដុល្លារអាមេរិក ។ 

ដោយជនស ង្ស័យបានចូលបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនតាំងពីខែមេសា ឆ្នាំ២០១៧ ផ្នែកលក់ ប្រចាំតំបន់បី មានខេត្តកំពង់ស្ពឺ ខេត្តបាត់ ដំបង ខេត្តកំពងឆ្នាំ ខេត្តពោធិសាត់ នឹងខេត្តបន្ទាយមានជ័យ ជនសង្ស័យមានភារកិច្ចយកថ្នាំលាបគ្រប់ប្រភេទរបស់ក្រុមហ៊ុន ទៅលក់ឲ្យអតិថិជន និងប្រមូលប្រាក់ពីអតិថិជនយកមកប្រគល់ឲ្យក្រុមហ៊ុន ដែលទទួលបានប្រាក់ខែចំនួន ៤២០ ដុល្លារអាមេរិកក្នុង១ខែ ។ ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បំណុលរបស់អតិថិជនបានទិញថ្នាំលាបគ្រប់ប្រភេទ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ម៉េង កោសា មានការកើនឡើងដូច្នោះក្រុមហ៊ុនមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យបញ្ជីរបស់ឈ្មោះ ម៉េង កោសា លទ្ធផលអតិថិជនគេបានបង់រួចរាល់ហើយសរុបទឹកប្រាក់ ៧៩ ៦៨០ ដុល្លារអាមេរិក តែជាក់ស្តែងឈ្មោះ ម៉េង កោសា មិនបានយកប្រាក់ទាំងអស់ទៅបង់ឲ្យក្រុម ហ៊ុនទេ ពោលគឺជនសង្ស័យរូបនេះមានគំនិតទុច្ចរិត បានកឹបកេងប្រាក់ក្រុមហ៊ុន យកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ។ កន្លងមកភាគីខាងក្រុមហ៊ុនក៏បានឲ្យឈ្មោះ ម៉េង កោសា ធ្វើកិច្ចសន្យាសងប្រាក់ជាបន្តបន្ទាប់នោះដែរ តែមួយរយៈចុងក្រោយនេះសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យប៉ះពាល់ដល់មុខរបរអ្នករកស៊ី ជនសង្ស័យពុំមានលទ្ធភាពរកប្រាក់សងក្រុមហ៊ុនតាមកិច្ចសន្យានោះឡើយ ទើបក្រុមហ៊ុនប្តឹងទៅសមត្តកិច្ចឲ្យអនុវត្តតាមផ្លូវច្បាប់ ៕