2024-04-02 04:04
324

ទីក្រុងតៃប៉ិ៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅច្រកសមុទ្រតៃវ៉ាន់ នោះ អតីតមេដឹកនាំតៃវ៉ាន់ បានចេញដំណើរទៅបំពេញទស្សនកិច្ច រយៈពេលជាច្រើនថ្ងៃ នៅក្នុងរដ្ឋធានីប៉េកាំង ហើយគេរំពឹង អំពីជំនួបជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅមុនពេលប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នឹងចូលធ្វើសច្ចាប្រណិធាន ចូលកាន់តំណែង នៅពេលខាងមុខនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ថា លោក ម៉ា យីង-ជឺ (Ma Ying-jeou) ប្រធានគណបក្សជាតិនិយម និង ជាអតីតប្រធានាធិបតីតៃវ៉ាន់ កាលពីព្រឹក ថ្ងៃចន្ទ ដើមខែមេសា បានចាប់ផ្ដើមដំណើរទស្សនកិច្ច រយៈពេល១១ថ្ងៃ ទៅកាន់ប្រទេសចិន ជាទីដែលគាត់អាចនឹងជួបជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ( Xi Jinping) ចំពេលមានភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ដំណើរទស្សនកិច្ចរបស់លោក ម៉ា បានកើតឡើង នៅមុនពេលប្រធានាធិបតី ទើបនឹងជាប់ឆ្នោត នៅតៃវ៉ាន់ លោក ឡៃ ឈីង-តេ (Lai Ching-te) មកពីគណបក្ស កំពុងតែគ្រប់គ្រងអំណាច នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅក្នុងខែឧសភា ឆ្នាំ២០២៤។ ស្របគ្នានេះ ដែរ បណ្ដាញផ្សព្វផ្សាយតៃវ៉ាន់ ក៏បានរាយការណ៍ផងដែរ ថា លោក ម៉ា អាចនឹងជួបចរចាជាលើកទី២របស់គាត់ ជាមួយនឹងមេដឹកនាំចិន លោក ស៊ី ជិនពីង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅក្នុងរដ្ឋធានីប៉េកាំង។


លោក ម៉ា មេដឹកនាំបក្សប្រឆាំង បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅមុនពេលចាកចេញដំណើរ ពីអាកាសយានដ្ឋានអន្ដរជាតិតៅយួន (Taoyuan) របស់តៃវ៉ាន់ ទៅកាន់ទីក្រុងសែនហ្សែន (Shenzhen) ខេត្តគងដុង (Guangdong) ប្រទេសចិន ថា «ដំណើរទស្សនកិច្ចរបស់យើង ទៅកាន់ចិនដីគោក ផ្ដោតទាំងទៅលើដំណើរការសន្ដិភាព និង មិត្តភាព»។

ក្រុមមន្រ្ដីជាន់ខ្ពស់របស់ចិន បានចាត់ទុកមេដឹកនាំតៃវ៉ាន់ ដែលនឹងឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នៅខែឧសភា ថា ជាមេដឹកនាំក្រុមបង្កើតចលនាបំបែកតៃវ៉ាន់ ចេញពីចិន។

លោក ម៉ា អតីតប្រធានាធិបតីតៃវ៉ាន់ ធ្លាប់ជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាលើកដំបូង នៅក្នុងអំឡុងក្នុងឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី។ នេះជាជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងភាគីទាំងពីរ។ ស្របគ្នានេះ លោក ម៉ា ក៏ចង់បង្ហាញ អំពីក្តីសង្ឃឹមរបស់ប្រជាជនតៃវ៉ាន់ នៅក្នុងការបញ្ចៀសសង្គ្រាម ផងដែរ។ កាលពីឆ្នាំ២០២៣ លោក ម៉ា បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ដំបូងគេ បានទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ចាប់តាំងពីភាគីទាំងពីរ បានបែកបាក់គ្នា នៅក្នុងអំឡុងឆ្នាំ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល។

ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីការបញ្ចប់អាណត្តិរបស់លោក ម៉ា ប្រធានាធិបតីតៃវ៉ាន់ ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ រហូតមក ក្រោយពេលរដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ មកពីគណបក្ស DPP ដែលកំពុងតែអំណាច នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធចរចា ជាមួយរដ្ឋាភិបាលរបស់លោកស្រី ហើយបានរិះគន់យ៉ាងខ្លាំងដល់អ្នកស្នងតំណែងថ្មីរបស់លោកស្រី គឺលោក ឡៃ ថា ជាអ្នកតស៊ូមតិទាមទារឯករាជ្យ។ បញ្ហានេះ ក៏ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែក នៃទឹកដីរបស់ចិន ហើយចិននៅតែមានគោលបំណង ដណ្ដើមយកកោះមួយនេះ យកមកគ្រប់គ្រងវិញ តាមរយៈការប្រើប្រាស់កម្លាំងយោធា ប្រសិនបើមានការចាំបាច់៕