2024-04-03 15:15
374

ទីក្រុងតៃប៉ិ៖ គ្រោះរញ្ជួយដីមានកម្រិត ៧,២រ៉ិចទ័រ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ បានកម្រើករញ្ជួយដល់កោះតៃវ៉ាន់ ហើយនេះជាការរញ្ជួយដី មានកម្រិតខ្លាំងបំផុត វាយប្រហារមកលើដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ។

គ្រោះធម្មជាតិដ៏កំណាចនេះ បានបណ្ដាលឲ្យមនុស្ស យ៉ាងតិច៤នាក់បាត់បង់ជីវិត និង រាប់សិបនាក់ផ្សេងទៀតរងរបួស ហើយអគារយ៉ាងតិច ចំនួន២៦កន្លែងបានដួលរលំ។ ស្របគ្នានេះដែរ ក៏មានការព្រមាន អំពីរលកយក្សស៊ូណាមិ នៅភាគខាងត្បូង ប្រទេសជប៉ុន និង ហ្វីលីពីន ប៉ុន្ដែក្រោយមក ក៏បានលុបចោលវិញ។

រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជាក់ ថា មនុស្សចំនួន៤នាក់ បានបាត់បង់ជីវិត នៅតំបន់ភ្នំ ដែលមានមនុស្សរស់នៅតិចតួច នាភាគខាងកើត ទីក្រុងហ៊ួលៀន (Hualien) ដែលជាចំណុចកណ្តាល នៃការរញ្ជួយដីនេះ ខណៈមនុស្សជាង៥០នាក់ផ្សេងទៀត បានរងរបួស។ រីឯអគារយ៉ាងតិច ចំនួន២៦កន្លែង បានបាក់រលំ ហើយមានចំនួនជាងពាក់កណ្ដាល នៅក្នុងទីក្រុងហ៊ួលៀន ខណៈមនុស្សប្រហែល២០នាក់ ជាប់នៅក្នុងនោះ ប៉ុន្ដែការងារសង្គ្រោះកំពុងតែរុករកជនរងគ្រោះទាំងនោះ។

បើតាមមជ្ឈមណ្ឌលរដ្ឋបាលអាកាសធាតុតៃវ៉ាន់ បានឲ្យដឹង ថា គ្រោះរញ្ជួយដីនេះ មានជម្រៅ ១៥,៥គីឡូម៉ែត្រ។
ស្របគ្នានេះដែរ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានបញ្ជាក់ ថា រលកស៊ូណាមិផ្សេងៗទៀត បានរញ្ជួយទៅលើផ្នែកជាច្រើន នៅភាគខាងត្បូងខេត្តអូគីណាវ៉ា (Okinawa) ហើយក្រោយមកក៏បានដកនូវការព្រមានពីរលកស៊ូណាមិនេះវិញ។ ប៉ុន្ដែជប៉ុន បានដាក់គ្រោះរញ្ជួយដីនេះ នៅក្នុងកម្រិត ៧,៧រ៉ិចទ័រ។

បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ ថា គ្រោះរញ្ជួយដីនេះ ក៏មានការរំញ័រទៅដល់ផ្នែកខ្លះ នៃខេត្តហ៊ូជៀន (Fujian) រួមមាន៖ ទីក្រុងហ៊្វូហ្ស៊ូ (Fuzhou), ទីក្រុងស៊ាមែន (Xiamen), ទីក្រុងហ្កានហ្ស៊ូ (uanzhou ) និង ទីក្រុងនីងដេ (Ningde)។ ស្របគ្នានេះដែរ ប្រទេសចិន ក៏មានការព្រួយបារម្ភ អំពីគ្រោះមហន្ដរាយ កើតមានដល់កោះនេះ ហើយថែមទាំងបានត្រៀមខ្លួន សម្រាប់ការផ្ដល់ជំនួយផងដែរ។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបង្ហោះ នៅលើបណ្ដាញសង្គម X  ថា ជប៉ុន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ផ្ដល់ជំនួយដ៏ចាំបាច់ណាមួយ ដល់តៃវ៉ាន់ ក្រោយគ្រោះរញ្ជួយដីនេះ៕