2025-12-29 14:39
4

អង្គការសហប្រជាជាតិ (United Nations – UN) ត្រូវបានបង្កើតឡើង ដើម្បីរក្សាសន្តិភាពសន្តិសុខពិភពលោក និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា បន្ទាប់ពីពិភពលោកបានឆ្លងកាត់សង្គ្រាមលោកលើកទី២ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតនិងការខូចខាតយ៉ាងធំធេង។ ក្នុងនោះគោលបំណងដ៏សំខាន់របស់ UN គឺលើកកម្ពស់សិទ្ធិមនុស្ស,ជួយដោះស្រាយបញ្ហាមនុស្សធម៌, ថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងការគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។

ប៉ុន្តែបើយើងក្រឡេកទៅមើល សង្គ្រាមដ៏រ៉ាំរ៉ៃរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលមានរយៈពេលជិត៤ឆ្នាំហើយនោះ គេសង្កេតឃើញថា UN ហាក់អសកម្មខ្លាំង ក្នុងការព្យាយាមលូកដៃស្វែងរកយុត្តិធម៌ឲ្យអ៊ុយក្រែន។ តើហេតុអ្វីបានជាអង្គការសហប្រជាជាតិមួយនេះ មិនអាចសម្របសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន?

ការពិត មូលហេតុដែលអង្គការសហប្រជាជាតិ (UN) មើលទៅមិនអាចជួយបានច្រើន ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺមិនមែនព្រោះអង្គការនេះ មិនចង់ជួយទេ ប៉ុន្តែដោយសារ UNមានដែនកំណត់រចនាសម្ព័ន្ធ និងអំណាចនយោបាយដែលត្រូវបានកំណត់។ 

ជាដំបូង ក្រុមប្រឹក្សាសន្តិសុខ UN ជាស្ថាប័នតែមួយដែលអាចអនុម័តការដាក់ទណ្ឌកម្ម, ការបញ្ជូនកងទ័ពសន្តិភាព ឬអនុញ្ញាតឲ្យប្រើកម្លាំងយោធា ប៉ុន្តែនៅក្នុងស្ថាប័ននេះ មានអំណាចពិសេសមួយ ដែលហៅថា អំណាចវេតូ។ 

វាគឺជា សិទ្ធិពិសេស ដែលផ្តល់ឲ្យប្រទេសមហាអំណាចចំនួន៥ ដូចជា អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) ដែលអាចបដិសេធសេចក្តីសម្រេចណាមួយ ទោះបីប្រទេសភាគច្រើនយល់ព្រមក៏ដោយ។ ក្នុងនោះ រុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូ ដូច្នេះរុស្ស៊ីអាច បដិសេធសេចក្តីសម្រេចណាមួយ ទោះបីប្រទេស ១៤ ផ្សេងទៀតយល់ព្រម។

នេះសបញ្ជាក់ឲ្យឃើញថា ពេល UN ព្យាយាមដាក់សេចក្តីសម្រេចដូចជា ថ្កោលទោសរុស្ស៊ីថាបានឈ្លានពានអ៊ុយក្រែន, បង្ខំឲ្យរុស្ស៊ីដកទ័ពចេញ, ដាក់ទណ្ឌកម្មក្រោមឈ្មោះ UN និងអនុញ្ញាតឲ្យប្រើកម្លាំងទប់ស្កាត់ នោះសេចក្តីសម្រេចទាំងនេះនឹងប៉ះពាល់ផ្ទាល់ដល់រុស្ស៊ី។ 

ហើយបើទោះបីជា មានសំឡេងគាំទ្រយ៉ាងតិច៩ ក្នុងការគាំទ្រ UN ឲ្យដាក់ទណ្ឌកម្មលើរុស្ស៊ីក៏ដោយ តែបើប្រទេសដែលមានអំណាចវេតូមួយនេះមិនព្រម នោះសេចក្ដីសម្រេចទាំងឡាយរបស់ UN ស្មើនឹងបរាជ័យ និងមិនអាចដាក់ទណ្ឌកម្មអ្វីលើរុស្ស៊ីបាននោះទេ។ ទាំងនេះហើយ ដែលជាហេតុធ្វើឲ្យ UN ពិការដៃ ដោយមិនអាចធ្វើអ្វីបានលើជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ីនោះទេ។ ព្រោះ UN មិនអាចចេញសេចក្តីសម្រេចណាមួយដែលប៉ះពាល់រុស្ស៊ីបានទេ លុះត្រាតែរុស្ស៊ីខ្លួនឯងជាអ្នកយល់ព្រមផ្ទាល់។ 

ជុំវិញអំណាចវេតូ ក្នុងអង្គការសហប្រជាជាតិ សបញ្ជាក់ឲ្យប្រទេសតូចៗជាច្រើនឃើញយ៉ាងច្បាស់ថា UN ជាវេទិកាដែលប្រទេសនាំគ្នាប្រកួតអំណាចនយោបាយ មិនមែនជាស្ថាប័នអព្យាក្រឹត ១០០% ទេ។ លើសពីនេះ ប្រទេសធំៗ ភាគច្រើនពួកគេនាំគ្នាគាំទ្រតែភាគីផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ រីឯប្រទេសតូចៗវិញ ពិតជាមានប្រទេសសំឡេងតិចណាស់ ក្នុងការស្វែងរកយុត្តិធម៌ឲ្យប្រទេសខ្លួន តួយ៉ាងដូចអ៊ុយក្រែនជាដើម៕