2024-04-03 15:25
307

រាជធានីតូក្យូ៖ រហូតមកដល់ពេលនេះ តំបន់អាស៊ីអាគ្នេយ៍ កំពុងតែក្លាយទីតាំងភូមិសាស្រ្ដដ៏ល្អបំផុត ឬ ជាកូនក្រមុំដ៏ស្រស់ស្អាតគ្មាន២ សម្រាប់បណ្ដាប្រទេសមហាអំណាចរបស់ពិភពលោក នាំគ្នាប្រជែងកាន់កាប់ភូមិសាស្រ្ដនយោបាយតែរៀងៗខ្លួន ប៉ុន្ដែឥឡូវ ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី និង ជារដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបង្ហាញ អំពីគោលបំណងដ៏សំខាន់ នៅក្នុងការធ្វើកិច្ចសហប្រតិបត្ដិការសន្ដិសុខ ជាមួយនឹងជប៉ុន ក្រោយពេលមេដឹកនាំអាស៊ានមួយនេះ បានសន្យាអំពីការបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងមហាយក្សចិន។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ ថា នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន នោះ លោក ផ្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី  កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ បានប្រាប់ដល់នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ថា គាត់ចង់មានកិច្ចសហប្រតិបត្ដិការយ៉ាងស៊ីជម្រៅ លើវិស័យសន្ដិសុខ និង សេដ្ឋកិច្ច ជាមួយនឹងជប៉ុន។ ការលើកឡើងរបស់មេដឹកនាំថ្មីរបស់អាស៊ានរូបនេះ បានកើតឡើង ក្រោយពេលគាត់បានទៅបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅក្នុងរដ្ឋធានីប៉េកាំង ហើយបានប្រាប់ដល់មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) ថា គាត់ចង់បានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុងប៉េកាំង។

លោកប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី រូបនេះ បានប្រាប់ដល់នាយករដ្ឋមន្រ្ដីជប៉ុន នៅក្នុងជំនួប នៅទីក្រុងតូក្យូ ថា «យើងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ និង កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ ហើយខ្ញុំចង់ពង្រីកនូវកិច្ចសហប្រតិបត្ដិការនេះ»។

លោក ផ្រាបូវ៉ូ  ដែលធ្លាប់អះអាង អំពីឥណ្ឌូណេស៊ី ជាប្រទេសមានប្រជាជនច្រើនជាងគេ លំដាប់លេខ៤ នៅលើពិភពលោក ដោយបានប្តេជ្ញាចិត្ត ចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធនោះ បានទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន បន្ទាប់ពីគាត់បានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១ ខែមេសា) នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសរបស់គាត់ជាលើកដំបូង ចាប់តាំងពីគាត់បានឈ្នះនូវការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ទាំងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងប៉េកាំង កំពុងតែប្រជែងគ្នា ចាប់យកបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ចំពេលមានជម្លោះដ៏តានតឹង នៅសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ខណៈចិន តែងតែអះអាងស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដើម្បីសម្រេចបាននូវឥទ្ធិពល នៅក្នុងតំបន់យុទ្ធសាស្រ្ដមួយនេះ។

 សមុទ្រចិនខាងត្បូង ជាទីសម្បូណ៌ទៅដោយធនធានធម្មជាតិគ្រប់ប្រភេទ ហើយជាផ្លូវទឹកដ៏សំខាន់ទៅកាន់ពិភពលោក ដោយមានពាណិជ្ជកម្មឆ្លងកាត់ ប្រហែលជា ៣លានលានដុល្លារ ក្នុងមួយឆ្នាំៗ។
ស្របពេលរដ្ឋាភិបាលចិន កំពុងតែអះអាង ពីសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះ បណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត រួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង បារាំង…ជាដើម តែងតែបញ្ចេញនាវាចម្បាំងទំនើបៗរបស់ពួកគេ ចេញល្បាត នៅក្នុងដែនសមុទ្រដ៏ធំល្វីងល្វើយមួយនេះ ក្រោមហេតុផល ការពារលំហសេរីភាពនាវាចរណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕