2024-04-03 15:44
312

ខេត្តសៀមរាប៖ នៅវេលាម៉ោង ១៩និង២០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ករណីភ្លើងឆេះស្ថានីយប្រេងឥន្ធនៈ គ្រឿងទេសនិងភេសជ្ជៈបានកើតឡើង នៅចំណុចទីតាំងស្ថានីយប្រេងឥន្ធនៈឈ្មោះ ចិនខ្មៅ ស្ថិត នៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជា សុខ ភេទ ប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារនៅប្រទេសញ៉ូហ្សេឡេន ។ 

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តដឹកប្រេងសាំង ០១គ្រឿង ចំណុះ៣២ពាន់លីត្រ មានប្រេងសាំងចំណុះ ៨ពាន់លីត្រ ចូលមកដាក់ប្រេងនៅកន្លែងកើតហេតុខាងលើ ។ លុះពេលបង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីបានប្រហែល១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ។ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចកើតហេតុទៅទាំងភ្លើងកំពុងឆេះទុយោរ បង្ហូរសាំងគ្រវីគ្រវាត់លើផ្លូវបន្ទាប់មកក៏រលត់ទៅវិញ ។ 

ប៉ុន្តែនៅកន្លែងកើតហេតុក្នុងស្ថានីយ៍ ភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅឡើង។ ក្នុងនោះភ្លើងបានរាលឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា មានម្ចាស់ឈ្មោះ  ឡុច លន ភេទ ប្រុស អាយុ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មអាចខូចខាតមួយចំហៀងផ្ទះ។

ក្រោយទទួលបានពត៌មានពីករណីឆេះនេះ  កម្លាំងអធិការដ្ឋាននគរបាលស្រុកពួកសហការជាមួយកម្លាំងរថយន្ត បង្កាពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ,បងប្អូនប្រជាពលរដ្ឋ បានចេញជួយអន្តរាគមន៍ ។ ក្នុងឱកាសនោះដែរក៏មានវត្តមានរបស់លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកនាយករដ្ឋបាលសាលាខេត្ត និង អស់លោកជាស្នងការរងខេត្ត បានចុះពិនិត្យស្ថាន ការណ៍អគ្គីភ័យនេះផងដែរ ។ លោកអភិបាលខេត្ត និងលោកអភិបាលស្រុកពួក បានចូលសម្របសម្រួល និង លើកទឹកចិត្តដល់ម្ចាស់ផ្ទះកុំឲ្យគិតខ្លី ។

តាមការបញ្ជាក់សមត្ថកិច្ច ក្នុងកាតជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះស្ថានីយ៍ប្រេងឥន្ធនះនេះប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យចំនួន៨គ្រឿង (រថយន្តពន្លត់អគ្គីភ័យរបស់ស្នង ការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៤គ្រឿង,រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួក ចំនួន១គ្រឿង,រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចំនួន០១គ្រឿង,រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពនគរ បាលការពារបេតិកភ័ណ្ឌ ចំនួន០១គ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបទ្រទ្រង់ស្ថានភាពបានទាំង ស្រុង នៅវេលាម៉ោង ២១និង២០នាទី ។

ក្នុងករណីអគ្គីភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស០១នាក់ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ -ខូចខាតស្ថានីយ៍ ឆេះសាំង និង គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង។ ចំណែកអ្នកបើកបររថយន្តដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិច SVM Petroleum ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួន ខណៈពេល នេះ កំពុងសួរនាំនៅអធិការនគរបាលស្រុកពួក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ បន្តនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការទៅតាមផ្លូវច្បាប់៕