2024-04-07 15:00
304

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចុះអនុវត្តដីកា ចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមប្រភពព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
   កាលពីនៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ:៩៩៥ចដ.បខ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ សួន ម៉ារ៉ាឌី ភេទប្រុស អាយុ៤៤ឆ្នាំ ទីកន្លែងកំណើតភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបាត់បង បច្ចុប្បន្នស្នាក់ភូមិភ្នំតូ-ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ វត្ថុតាងដកហូតរួមមាន រថយន្ត ចំនួន០១គ្រឿង និងទូរស័ព្ទ ចំនួន០១គ្រឿង។
  បច្ចុប្បន្ន ជនត្រូវចោទ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕