2024-04-09 13:51
315

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចំនួនមនុស្សចាស់នៅកម្ពុជានឹងកើនឡើងនៅឆ្នាំ២០៥០ ដោយផ្នែកតាមរយៈការធ្វើជំរឿនទូទៅនៃប្រជាជននៅឆ្នាំ២០១៩ បានបង្ហាញថា «នៅឆ្នាំ២០៥០ ប្រជាជនកម្ពុជាដែលមានអាយុ១៥ឆ្នាំ បានចំនួនប្រហែល ១៥,៥ភាគរយ, ប្រជាជនមានអាយុ ១៥ឆ្នាំទៅ៦៤ឆ្នាំ មានប្រមាណ ៦៧,៥ភាគរយ និងប្រជាជនអាយុចាប់ពី ៦៥ឆ្នាំឡើងទៅមានចំនួនប្រមាណ ១៧,១ភាគរយ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០៥០កម្ពុជានៅមានប្រជាជនក្នុងវ័យធ្វើការច្រើន ប៉ុន្តែប្រជាជនដែលមានវ័យចាស់ចាប់ផ្តើមមានចំនួនច្រើនជាងក្មេងជាបណ្តើរៗ។ ផលធៀបសេដ្ឋកិច្ចក្នុងបន្ទុកសេដ្ឋកិច្ចប្រជាជន ៤៧នាក់ ក្នុងចំណោមកម្លាំងពលកម្ម ១០០នាក់ កម្ពុជានៅមានបន្ទុកសេដ្ឋកិច្ចស្រាលអាចនិយាយបានថា បញ្ហាកង្វះពលកម្មនៅក្រោយឆ្នាំ២០៥០ នៅមិនជាបញ្ហាចោទធំទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ត្រូវពង្រឹងសមត្ថភាពជំនាញយុវជនដើម្បីទាញអត្ថប្រយោជន៍ពីភាគលាភវិទ្យាសាស្ត្រ និងភាគលាភយេនឌ័រឱ្យបានជាអថិបរិមាដូចមានបែងចែកក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀងថា «ជាការពិតគោលនយោបាយជាតិឆ្នាំ២០១៦-២០៣០ គឺឈរលើគោលការទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធរបស់គូស្វាមីភរិយា និងបុគ្គទាំងអស់ឱ្យមានសិទ្ធមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងទទួលខុសត្រូវលើចំនួនកូន និងការពន្យាកំណើត ហើយមានលទ្ធភាពទទួលបានសេវា មធ្យោបាយ ដើម្បីសម្រេចចិត្ត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យគូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួមានកូនច្រើនលើសការកំណត់ ដើម្បីចៀសវាងនូវហានិភ័យកង្វះពលកម្មនាពេលខាងមុខ៕