2024-04-25 20:30
350

\ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោក គ្រូអ្នកគ្រូ សិល្បករ សិល្បការិនី” រាជធានីភ្នំពេញ ក្រោយពីបញ្ចប់ពីធីបុណ្យចូលឆ្នាំប្រពៃណីជាតខ្មែរប្រកបដោយភាពជោគជ័យ និងមោទភាពបំផុត។
   សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា តួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ក្នុងការថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូផង់ដែលបន្សល់ទុកពីដូនតារបស់យើង ព្រមទាំងការអភិវឌ្ឍ ផ្សព្វផ្សាយមរតកថ្លៃថ្លាទៅកាន់ឆាកអន្តរជាតិ។ ជាការពិតសិល្បករ សិល្បការិនីខ្មែរជាច្រើន និងគ្រប់ជំនាន់បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោលរបស់ខ្លួនរហូតដល់ថែរក្សាការពារមរតកដូនតាគ្រប់ៗទម្រង់ ដោយតាមការបំផុសនូវគំនិត និងការកែច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បៈវប្បធម៌ខ្មែរបុរាណ និងបែបបទរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិដែលមាននៅតាមចម្លាក់នានាតាមប្រាង្គប្រាសាទខ្មែរ ក្បាច់ក្បូរបស់ខ្មែរផ្សេងៗ ដែលការលម្អររស់នៅរបស់ប្រជាជនឱ្យលេចធ្លោឡើង តាមរយៈទម្រងអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់បុរាណ របាំសហសម័យ រូបភាព សិល្បតម្រ្តី ចម្រៀង ខ្សែភាពយន្ត ចម្លាក់ អក្សសាស្ត្រ អក្សសីល្ប៍ រហូតម្ហូបអាហារ ។ល។ ដែលសុទ្ធសឹងជាខ្លឹមសារវប្បធម៌ខ្មែរឱ្យដិតដាមជាប់ជាប្រចាំនៅក្នុងស្មារតី និងអារម្មណ៍ប្រជាជនខ្មែរគ្រប់ៗរូប។
  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សិល្បករ សិល្បការិនី ដែលមានស្នាដៃ តាមរយៈស្នាដៃ និងវប្បធម៌របស់ខ្លួនបានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោករួមទាំងការចែករំលែកនូវបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយក៏ជាកក្តាលីករនៃការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ឱ្យគ្នាទៅវិញទៅមក។ ការបំពាក់គ្រឿងឥស្សរយសជូនសិល្បករ សិល្បការិនី នាពេលនេះ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ទទួលស្គាល់ នៃការចូលរួមរបស់បងប្អូនសិល្បករ សិល្បការិនី នៅទៅទូទាំងប្រទេសដែលយកចិត្តទុកដាក់រួមកសាង រក្សានូវមរតកវប្បធម៌ជាតិឱ្យបានគងវង់តែម្តង៕