2023-05-03 14:50
556


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោកយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកជំនាញបច្ចេកទេស ការផលិត និងផ្សព្វផ្សាយព័ត៌មាន។ ការអំពាវនាវបែបនេះរបស់សម្ដេចតេជោ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» ។ 


តាមរយៈសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្ដេចផ្ទាល់បានចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ បានលើកយកប្រធានបទស្តីពី «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» ស្របពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល បង្កឱ្យកើតមានបង្ហ ជាច្រើន ដូចជា ជម្លោះប្រដាប់អាវុធ អំពើហិង្សា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការអនុវត្តស្តង់ដាពីរនូវសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយរុស្សីពីសំណាក់លោកខាងលិចដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស វិសមភាពប្រតិបត្តិការពាណិជ្ជកម្មសកល សេរីភាពនៃការបញ្ចេញមតិ ការធ្វើចំណាកស្រុក និងបញ្ហាប្រឈមជាច្រើនទៀតរបស់ប្រជាជននៅទូទាំងសកលលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការរីកសាយភាយនព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលធ្វើប៉ះពាល់ដល់កិត្តិយស និងសិទ្ធិបុគ្គលឯកជន លិទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យស្ថាប័នអន្តរជាតិ ស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយរួមគ្ន ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង៕