2024-05-07 14:31
365

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ភាគច្រើនទ្រទ្រង់ដោយពាណិជ្ជកម្ម ហើយការនាំចេញរបស់កម្ពុជាជាមធ្យមមានកំណើន ១៣,៤ភាគរយក្នុងមួយឆ្នាំពីចន្លេះឆ្នាំ២០១៧ដល់ឆ្នាំ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ប៊ីលានដុល្លារអាមេរិកស្មើនឹង ៥៤,7ភាគរយ នៃផលិតក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ២០២៣ ត្រីមាសទី១ ឆ្នាំ២០២៤ និន្នាការនាំចេញបន្តមានចលនាវិជ្ជមានក្នុងកំណើត ១៧,៣ភាគរយ»។

ខាងលើនេះ គឺជាប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖រាជរដ្ឋាភិបាលតែងតែកំណត់បរិយាកាសធុរកិច្ច ការវិនិយោគ និងសម្រួលពាណិជ្ជកម្មជាចំបង និងបានដាក់ចេញគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធ ព្រមទាំងការកែទម្រង់បទដ្ឋានគតិយុទ្ធសម្រាប់អនុវត្តជាក់ស្តែងជាបន្តបន្ទាប់។ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំធ្វើទំនើបកម្មជាច្រើន ការងារសំខាន់របស់ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពប្រចាំថ្ងៃ ជាពិសេសគោលបំណងសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការពង្រីកទីផ្សារក្រឡានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការកាត់បន្ថយនិតិវិធីរដ្ឋបាល និងចំណាយសេវាសាធារណៈ និងបង្កើតប្រសិទ្ធភាព នៃប្រតិបត្តិការពាណិជ្ជកម្មរបស់វស័យឯកជនស្របតាមនិន្នាកាសាកល និងតំបន់ ដោយកំណត់យកបច្ចេកវិទ្យាឌីជីថល ជាកត្តាគន្លឹះមួយក្នុងការជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព។

សូមបញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» អនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក៕