2024-05-07 14:33
373

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើប្រព្រឹត្តកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ចដែលអំណោយលផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគតាមរយៈការកែសម្រួល និងធ្វើសម័យកម្មនិតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្ម នៃការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពកិច្ចសម្របសម្រួលអន្តរក្រសួង ស្ថាប័ន ដោយបង្កើតឱ្យមានប្រព័ន្ធបញ្ជរតែមួយជាតិនេះឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» អាចចាត់ទុកបានថាជាជោគជ័យរួមគ្នារបស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងការអនុវត្តការតាមអភិក្រមចីរភាពនៃតួអង្គតែមួយ ការធ្វើការរួមគ្នាប្រកបដោយជោគជ័យ ក៏បានហុលផលឱ្យវិស័យឯកជន និងទទួលផលជាច្រើនពីប្រព័ន្ធបញ្ជរតែមជាតិ មានជាអាទិ៍ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំរត់ការពីក្រសួង ស្ថាប័នមួយឆ្លងទៅក្រសួង ស្ថាប័នមួយនោះទេ»៕