2024-05-08 12:39
313

(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃអង្គារ យោធាអ៊ីស្រាអែល បានចូលគ្រប់គ្រងច្រកព្រំដែនដ៏សំខាន់ Rafah ដែលជាច្រកឆ្លងចេញ-ចូល រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៉ីប ព្រមទាំងកំពុងរុលចូលទៅកាន់ទីក្រុង Rafah បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសពេញមួយយប់ លើទីក្រុងនេះ ហើយលទ្ធភាពនៃការសម្រេចបានបទឈប់បាញ់ ស្ថិតក្នុងភាពស្រពិចស្រពិល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ ២០២៤។

បើតាមក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីន រថក្រោះ និងយន្តហោះរបស់អ៉ីស្រាអែល បានវាយលុកលើទីតាំងមួយចំនួន រួមទាំងលំនៅដ្ឋាន ក្នុងទីក្រុង Rafah ពេញមួយយប់ថ្ងៃចន្ទ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ២០នាក់ និងបង្កឱ្យរបួសជាច្រើននាក់ទៀត ក្នុងការវាយប្រហារពីចម្ងាយ ដែលត្រូវចំផ្ទះចំនួនយ៉ាងហោច ៤ខ្នង។ អ្នកនាំពាក្យរបស់អាជ្ញាធរច្រកព្រំដែនតំបន់ហ្គាហ្សា លោក Hisham Edwan បាននិយាយថា ការចូលកាន់កាប់របស់អ៉ីស្រាអែល នាំមកនូវសេចក្តីស្លាប់ ដល់ប្រជាជនទាំងឡាយ ដែលកំពុងស្ថិតនៅក្នុងតំបន់ Gaza ក្រោយច្រកព្រំដែន Rafah ត្រូវបានបិទ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ច្រក Rafah ដែលជាច្រកផ្លូវដ៏សំខាន់ សម្រាប់បញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបិទដោយសារតែវត្តមានរបស់រថក្រោះអ៉ីស្រាអែល។ វិទ្យុកងទ័ពអ៉ីស្រាអែល ក៏បានប្រកាសដែរថា កម្លាំងរបស់ខ្លួនកំពុងស្ថិតនៅទីនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមមហាម៉ាសបានយល់ព្រមទទួលយកសំណើ សម្រាប់បទឈប់បាញ់មួយ នៅក្នុងសង្រ្គាមចាយពេល ជាង៧ខែមកនេះនៅតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលបានបង្គាប់ជាថ្មីឱ្យប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង Rafah ជម្លៀសខ្លួនចេញ ចំពោះមុខការត្រៀមលក្ខណៈ វាយលុកទ្រង់ទ្រាយធំចូលទីក្រុងស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាមួយនេះ៕