2024-05-10 13:05
326

រដ្ឋធានីកៀវ៖       សង្គ្រាមដ៏រ៉ាំរ៉ៃ នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយបានខូចខាត គិតជាទឹកប្រាក់ អស់រយៈរាប់រយពាន់លានដុល្លារអាមេរិក និង បានសម្លាប់ទាហានទាំងសងខាង អស់រាប់សែននាក់ ហើយឥឡូវ កងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវ ចាប់ផ្ដើមមានលទ្ធភាព វាយប្រហារចូលទៅជ្រៅ នៅលើទឹកដីរុស្ស៊ី ជាបន្ដបន្ទាប់ ចម្ងាយ១៥០០គីឡូម៉ែត្រ ដូចជា ករណីបំផ្ទុះឃ្លាំងប្រេង កាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ជាដើម។

ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី Interfax បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ដោយបានដកស្រង់សេចក្តីថ្លែងការណ៍របស់អាជ្ញាធររុស្ស៊ី បញ្ជាក់ ថា កងទ័ពអ៊ុយក្រែន បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ជាច្រើនគ្រឿង វាយប្រហារមកលើឃ្លាំងប្រេងឥន្ធនៈ នៅទីប្រជុំជនអាណាប៉ា (Anapa) ទីក្រុងក្រាស្នូដា (Krasnodar) នាភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី។ ប៉ុន្ដែនៅក្នុងចំណោមដ្រូនទាំងនោះ មានចំនួន៦គ្រឿង ត្រូវបានរុស្ស៊ី បាញ់ទម្លាក់។

ប្រភពព័ត៌មានដដែល បានបន្ដ ថា នៅក្នុងឧបទ្ទវហេតុនោះ មិនមានអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ ស្របគ្នានេះដែរ អាជ្ញាធររុស្ស៊ី ក៏បានដាក់ពង្រាយរថយន្ត ចំនួន២០គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ៦២គ្រឿង ទៅទីក្រុងនោះ ត្រៀមខ្លួនពន្លត់ភ្លើង។ រីឯទំហំ នៃការខូចខាតសម្ភារៈ នៅមិនទាន់បានប៉ាន់ប្រមាណនៅឡើយ។

ជាមួយគ្នានេះដែរ លោក វីយ៉ាឆេស្លាវ ហ្លាដកូវ (Vyacheslav Gladkov) អភិបាលរដ្ឋបែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី បានបញ្ជាក់ នៅថ្ងៃដដែលនោះ ថា យ៉ាងហោចណាស់ មានមនុស្ស ចំនួន៨នាក់ រងរបួស ដោយសារការបាញ់ផ្លោងពីកងទ័ពអ៊ុយក្រែន។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានរងរបួសជើង ដោយគ្រាប់បែក ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនេះ ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញអគារផ្ទះល្វែង ចំនួន១៩ និង រថយន្ត ចំនួន៣៧ គ្រឿងផងដែរ។ ស្របគ្នានេះដែរ មានរូបភាពជាច្រើន ត្រូវបានគេបង្ហោះ នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបានបង្ហាញ អំពីការផ្ទុះឆេះ នៅតាមដងផ្លូវ បន្ទាប់ពីគ្រាប់ផ្លោងបាញ់ចេញពីកាំភ្លើងធំ។

ប្រភពស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រកែច្នៃប្រេងដ៏សំខាន់មួយ នៅក្នុងតំបន់ប៉ាស្គីរៀ (Bashkiria) របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ដោយមានចម្ងាយប្រហែល ១៥00 គីឡូម៉ែត្រ ពីអ៊ុយក្រែន ហើយនេះជាការវាយប្រហារ រយៈចម្ងាយឆ្ងាយបំផុតរបស់កងទ័ពក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

ក្រៅពីនេះ អ៊ុយក្រែន ក៏បានវាយប្រហារទៅលើឃ្លាំងផ្ទុកប្រេងចំនួនពីរផ្សេងទៀត នៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី ផងដែរ ខណៈរដ្ឋាភិបាលក្រុងកៀវ ព្យាយាមធ្វើឱ្យខូចដល់កងកម្លាំងរុស្ស៊ី ដែលកំពុងតែប្រមូលផ្ដុំគ្នា នៅតាមសមរភូមិជួរមុខ នៅលើទឹកដីរបស់ខ្លួន តាមរយៈការវាយប្រហារទៅលើទីតាំងថាមពលសំខាន់ៗ នៅក្នុងការផ្តល់មូលនិធិដល់សេដ្ឋកិច្ច និង សង្រ្គាម។

កងទ័ពអ៊ុយក្រែន បានបង្កើនការវាយប្រហាររបស់ខ្លួន ចំពេលរុស្ស៊ី កំពុងតែរៀបចំព្រឹត្តិការណ៍ អបអរសាទរទិវាជ័យជម្នះ លើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ នាថ្ងៃទី៩ ឧសភា។ ប៉ុន្ដែកាលពីថ្ងៃទី៨ ខែឧសភា រុស្ស៊ី បានវាយប្រហារតាមអាកាស ទ្រង់ទ្រាយធំ ទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបណ្តាលឱ្យខូចខាត ដល់រោងចក្រថាមពលកម្ដៅ យ៉ាងតិចចំនួន៣កន្លែង និង រោងចក្រវារីអគ្គិសនីចំនួន២កន្លែងផងដែរ៕