2024-05-10 16:37
273

រដ្ឋធានីសេអ៊ូល៖ ការសិក្សាថ្មីមួយ បានរកឃើញ ថា អ្នកមានទ្រព្យសម្បត្ដិផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលម្នាក់ ជាង ៨0 000នាក់ បានសម្រុកមករស់នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងទ្រព្យសម្បត្តិយ៉ាងហោចណាស់ជាង១លានដុល្លារ ហើយធ្វើឱ្យរដ្ឋធានីមួយនេះ ក្លាយជាទីក្រុងមួយរបស់លើពិភពលោក ដោយមានចំនួនមហាសេដ្ឋីច្រើនជាងគេ លំដាប់ទី១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Korea Herald កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

បើតាមរបាយការណ៍របស់ទីក្រុងមានទ្រព្យសម្បត្តិច្រើនបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ២០២៤ ហើយត្រូវបានចេញផ្សាយ ដោយអ្នកប្រឹក្សាផ្នែកចំណាកស្រុកវិនិយោគ Henry & Partners សហការជាមួយនឹងក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យសកល New World Wealth កាលពីថ្ងៃ អង្គារ ទី៧ ខែឧសភា បានឲ្យដឹង ថា អ្នករស់នៅទីក្រុងសេអ៊ូល ប្រហែល ៨២ ៥00 នាក់ មានទ្រព្យសម្បត្តិលើសពី១លានដុល្លារ បើគិតត្រឹមខែធ្នូ  ឆ្នាំ២០២៣។ របាយការណ៍ប្រចាំឆ្នាំដដែលនេះ បានបង្ហាញ ថា  ទ្រព្យសម្បត្តិនេះ សំដៅទៅលើទ្រព្យសកម្ម ដែលអាចវិនិយោគបានរបស់បុគ្គលម្នាក់ៗ ដោយរួមទាំងការកាន់កាប់ក្រុមហ៊ុន ការកាន់កាប់សាច់ប្រាក់ និង ទ្រព្យសម្បត្តិលំនៅឋាន ដែលគ្មានបំណុល។

រដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងបញ្ជីអ្នកស្រុក ដោយមានមហាសេដ្ឋី បន្ទាប់ពីទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដែលមានចំនួន ៩0 ៩00 នាក់ និង ទីក្រុង Zurich មានចំនួន ៨៨ ៤00នាក់ ខណៈទីក្រុងហ្ស៊ឺណែវ មានសេដ្ឋី ចំនួន ៧៩ ៨00នាក់ និង ឌូបៃ មានចំនួន ៧២ ៥00នាក់។ រីឯអ្នកមានទ្រព្យលើសពីជាង១០០លានដុល្លារ មានចំនួន១៩៥នាក់ និង បុគ្គលម្នាក់ៗ មានទ្រព្យលើសពី១ពាន់លានដុល្លារ មានចំនួន២០នាក់ ខណៈមហាសេដ្ឋី រស់នៅទីក្រុងតូក្យូ មានត្រឹមតែចំនួន១៤នាក់។

បើទោះជាយ៉ាងណាក៏ដោយ ចំនួនសេដ្ឋីរស់នៅទីក្រុងសេអ៊ូល បានធ្លាក់ចុះ ពីជាង ១0 000នាក់ បើធៀងនឹងរបាយការណ៍ កាលពីឆ្នាំ២០២៣។ រីឯចំនួនអ្នករស់ទីក្រុងសេអ៊ូល មានទ្រព្យសម្បត្តិលើសពី១00លានដុល្លារ បានធ្លាក់ចុះ ពីចំនួន២២៩នាក់ មកនៅត្រឹម ១៩៤នាក់ ខណៈអ្នកមានទ្រព្យ លើសពី១ពាន់លានដុល្លារ ក៏បានធ្លាក់ចុះពី២៤នាក់ មកនៅត្រឹមតែ២០នាក់៕