2024-05-13 16:09
363

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤  នៅវិមានសន្តិភាពភាគីទាំងពីរប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។

ក្នុងឱកាសនៃជំនួប លោក Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ហ៊ន ម៉ាណែត នាយកដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេស ការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ ឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា៖ «ក្នុងបេសកកម្មការទូតរបស់ លោកនៅកម្ពុជា នឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍»។ 

ជាការឆ្លើយតបនឹងការប្តេជ្ញាចិត្តនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ចំពោះវត្តមានរបស់ លោក Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេស ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ ឯកអគ្គរាជទូត នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ថា៖ «ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន»។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕