2023-05-04 08:48
615

ភ្នំពេញ៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាល បរទេស ដែលត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង។

អ្នកចូលរួមសរុបប្រមាណ ៣០០ នាក់ រួមមាន មន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទស ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាននិងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស បានអញ្ជើញចូលរួម កិច្ចប្រជុំខាងលើនេះ។ កិច្ចប្រជុំពិគ្រោះយោបល់មានគោលបំណងសំខាន់ ដើម្បីលើកកម្ពស់ការ យល់ដឹងអំពីកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម រួមមាន៖ ១- កាតព្វកិច្ចគណនេយ្យ ,- ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដារ គណនេយ្យរបស់កម្ពុជា និង៣- ការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មឯករាជ្យ ដើម្បីធានានូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិ​ផលរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រធានបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធ និងមានសារៈសំខាន់ ខណៈដែលក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានដកប្រទេសកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះនៃប្រទេសដែល មានហានិភ័យខ្ពស់ក្នុងការសម្អាតប្រាក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សមិទ្ធផលដ៏ថ្លៃថ្លនេះអាចធ្វើទៅបាន ដោយមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលជាអង្គភាពរាយការណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តត្រឹមត្រូវនៃច្បាប់ ស្តីពី គណនេយ្យ និងសវនកម្មសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងបានអំពាវនាវដល់ អង្គការមិនមែនរដ្ឋាភិបាល​ បរទេសទាំងអស់ត្រូវ៖ ទី១- បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានា ថាគម្រោង និងសកម្មភាពនានាកំពុងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមច្បាប់ និងបទ បញ្ញត្តិ នៅកម្ពុជា។ ទី២- ប្រកាន់ជំហរអព្យាក្រឹត្យចំពោះគណបក្សនយោបាយទាំងអស់ ហើយជៀសវាងការអនុវត្តសកម្មភាពដែលផ្ទុយនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ទី៣- បន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្តកំណែទម្រង់ផ្សេងៗ ដូចជាវិមជ្ឈការ និង វិសហមជ្ឈការ គាំទ្រការកសាងសមត្ថភាពសម្រាប់អ្នកគ្រប់គ្រងថ្នាក់ក្រោមជាតិ និង ជួយដល់ការអនុវត្តគោលនយោបាយ ដោយធានានូវគណនេយ្យភាព តម្លាភាព ប្រសិទ្ធ- ភាព និងប្រសិទ្ធិផល នៃការផ្តល់សេវាសាធារណៈ និងទី៤- ជៀសវាងការចូលរួមក្នុងសកម្មភាពណាមួយដែលគាំទ្រការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យដែលជាបច្ច័យ អវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងស្ថិរភាពសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ ចំពោះអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា។

កិច្ចប្រជុំពិគ្រោះយោបល់នេះ មានជាបទបង្ហាញអំពីការយល់ដឹង និងបទពិសោធន៍ ជំនាញបច្ចេកទេស និងការណែនាំអំពីការអនុវត្តជាក់ស្ដែងពីអ្នកជំនាញមកពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេស ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ ស្ដីពី គណនេយ្យ និងសវនកម្ម៕