2024-05-16 18:42
290

នៅព្រឹកថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ ដែលបានពលីជីវិតលើសមរភូមិ ការគោរពវិញ្ញាណក្ខន្ធនេះបានធ្វើឡើងនៅ Memorial Tower ដែលជាកន្លែងរំលឹកដល់វីរភាពរបស់យុទ្ធជនកូរ៉េ ពលីជីវិតក្នុងបុព្វហេតុជាតិក្នុងសម័យ          សង្គ្រាម។
   នៅក្នុងឱកាសនោះ បន្ទាប់ពីបានដាក់កម្រងផ្កាហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្អោនកាយស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ។ បន្ទាប់មកសម្តេចធិបតី ក៏បានសរសេរបង្ហាញពីចំណាប់អារម្មណ៍លើសៀវភៅក្រាំងមាសផងដែរ។
   សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន           ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕