
ភ្នំពេញ៖ បុរសម្នាក់បានធ្លាក់ពីលើអគារមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៣ នេះ ស្ថិតនៅចំណុចភូមិ៦ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពេលប្រទះឃើញជនរងគ្រោះធ្លាក់ពីលើអគារស្លាប់នោះ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ទាន់។ ចំពោះជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែបុរូវនេះមានវ័យប្រហែលជាង៣០ឆ្នាំ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវករណីខាងលើនេះ ជាការរអិលជើងធ្លាក់ដោយខ្លួនឯង ,លោតសម្លាប់ខ្លួនឯងដោយសារមានវិបត្តិផ្លូវចិត្ត ឬមានគេរុញទម្លាក់មកក្រោម ព្រោះមិនទាន់បានការបញ្ជាក់ណាមួយច្បាស់លាស់ពីសមត្ថកិច្ចនៅឡើយនោះទេ៕
