2024-05-20 19:21
318

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវ និងស្នើសុំឲ្យអ្នកផលិតមាតិកាកម្សាន្ត និងប្លែកៗ ដើម្បីរកប្រាក់តាមប្រព័ន្ធអនឡាញ (MMO) បញ្ឈប់នូវការផ្សព្វផ្សាយនូវភាពនៃអំពើហិង្សា អំពើឃាតកម្មតាមបណ្តាញទំនាក់ទំនងសង្គមនានា ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនៃសព ដល់ផ្លូវអារម្មណ៍  និងរបស់ក្រុមគ្រួសារសពកំពុងរងការឈឺចាប់ និងបាត់បង់សមាជិកគ្រួសារតែម្តង។
នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា៖ ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, លោកបានសង្កេតឃើញថា «អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកា និងរកប្រាក់តាមអនឡាញ  (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក, តិកតុក, និងប្រព័ន្ធតេឡេក្រាម, និងបានអំពាវនាវ និងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន»។
«ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជន និងកុមារករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានសង្ឃឹម និងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម៕