2024-05-26 13:12
297

កំពង់ស្ពឺ៖ ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខហើយព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
  «ព្រះរាជពិធីច្រត់ព្រះនង្គ័ល» គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា «រដូវធ្វើស្រែចំការបានចូលមកដល់ហើយ»។
នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ព្រះរាជពិធិបុណ្យ «ច្រត់ព្រះនង្គ័ល» ត្រូវបានរៀបចំប្រារព្វធ្វើឡើងនៅក្នុងបរិវេនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីនេះ។
សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសដល់អស់បណ្តាប្រជានុរាស្រ្ត ឲ្យបានជ្រាបថា «រដូវធ្វើស្រែចំការបានមកដល់ហើយព្រះរាជពិធីនេះត្រូវបានចាត់ចូលជាព្រះរាជពិធីទ្វាទសមាសប្រចាំព្រះនគរជាមង្គលចម្រើនការសាបព្រោះបណ្ដុះដាំក្នុងរដូវវស្សារបស់ប្រជាជន»។
  នាឱកាសព្រះរាជពិធីច្រត់ព្រះនង្គ័លនោះ អមព្រះរាជដំណើររបស់ព្រះករុណាសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា មានប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី មន្ត្រីរាជការគ្រប់ក្រសួងស្ថានជាតិ ថ្នាក់ក្រោមជាតិ អ្នកមុខអ្នកការ និងប្រជានុរាស្ត្រជាកូនជាចៅយ៉ាងច្រើនកុះករផងដែរ៕