2024-05-27 20:58
271

ភ្នំពេញៈ    គណៈកម្មាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា «គ.ជ.ប» បានបង្ហាញថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតមានអ្នកបានទៅបោះឆ្នោត សរុបមានចំនួន ១១.៥៩៨ នាក់ ស្មើនឹង ៩៩,៧៩% (ភាគរយ) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួនសរុប ១១.៦២២ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការសរុបព្រឹត្តិការថ្ងៃបោះឆ្នោតជើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ។
តាមលទ្ធផលនេះក៏បានវាយតម្លៃជារួមថា៖ «បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលអាចចាត់ទុកថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»។
ការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៧និង០០នាទី នៅសាលសន្និសីទ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ ចន្ទ ប្រធាន គ.ជ.ប ដើម្បីផ្សព្វផ្សាយអំពីការសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោត និងការប្រកាសលទ្ធផលបឋមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីក្របខ័ណ្ឌច្បាប់ ការងារត្រៀមរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោត ដែលកន្លងផុតទៅថ្មីៗនេះ និងបានធ្វើការបូកសរុប ព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងអ្នកសារព័ត៌មានជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ។
លោក ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា៖ «បរិយាកាសទូទៅជុំវិញការបោះឆ្នោតមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មាន ការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាច ចាត់ទុកថាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទនៈ»។
អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា៖ ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ជាប្រតិបត្តិករក្នុងការអនុវត្តកម្មវិធីបញ្ចូលផ្ទៀងផ្ទាត់ និងបញ្ជូនទិន្នន័យលទ្ធផលបឋមក្នុងរាជធានី ខេត្តសាមី ក្រោមការដឹកនាំ និងត្រួតពិនិត្យដោយ គធ.ខប មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត។ គណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យផ្ទៀងផ្ទាត់ សម្រាប់ផ្សព្វផ្សាយជាព័ត៌មាន លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន ២ជុំ ដោយ ចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក ខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។ 
លោកបានមានប្រសាសន៍បន្តថា៖ «គ.ជ.ប រៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាវេលាម៉ោងប្រមាណ ៧និង៣០យប់។ ការផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់មួយចំនួនផងដែរ»។
នាឱកាសនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអ្នកបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងបានថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយរតីទទួលខុសត្រូវខ្ពស់ ដែលជាការរួមចំណែកដ៏សំខាន់ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព គ្មាន អំពើហិង្សា គ្មានការគំរាមកំហែង និងមានសណ្តាប់ធ្នាប់ល្អ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក៏មានភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំមានមកពី ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អ្នកសង្កេតការណ៍ជាភ្ញៀវ ពិសេស មកពីប្រទេសជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៦៨នាក់ផងដែរ៕