
បន្ទាយមានជ័យ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការមហាផ្ទៃ បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ត្រូវចាត់វិធានការស្រាវជ្រាវ និងបង្ក្រាប ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ធ្វើឡើងក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ដែលរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរនគរបាលការពារព្រំដែនគោកលេខ ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែនផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេស ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុង ស្រុក នៃខេត្ត និងដោយឡែកក្រុង ស្រុកទាំង៥ ដែលជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះ គិតចាប់ពីដើមឆ្នាំ២០២៤ មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណីទ្រង់ទ្រាយធំ ចំនួន៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបាន ចំនួន ៣៨លើក។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមទៀតថា ប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀនចម្រុះមួយចំនួនទៀត។ ក្រៅពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន លោកក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារផ្សព្វផ្សាយ អប់រំ វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងនោះ មានជនរងគ្រោះដោយសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ជិត ១ ០០០នាក់ ស្រី៥០នាក់។ ចំណែកការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រី និងកម្លាំង រដ្ឋបាលខេត្តអនុវត្តបានចំនួន ៤ ៤១៥នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងបន្តការធ្វើតេសនេះបន្ថែមទៀត។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបានក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ២ គឺ «ការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជាឱ្យបានល្អប្រសើរ»។ ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានា ឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចំណោមមន្រ្តី និងកងកម្លាំងស្របតាមទិសស្លោកដឹកនាំ «សម្អាតផ្ទះយើង» របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា៖ «ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃទាំងរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន»។
ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖ «មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ»។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានព្រមានចេញពីកិច្ចប្រជុំនេះទៅតែម្ដងថា៖ «ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ ឬជាចំហក្ដីថា មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹងបទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង»។
ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ជាមួយអាជ្ញាធរថៃ ដែលជាប់ព្រំដែនកម្ពុជា ពិសេស ការបង្ក្រាបការចរាចរណ៍ឆ្លងកាត់ទៅវិញទៅមក ឯកឧត្តម អភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន ឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេស លើការងារស្រាវជ្រាវស៊ើបអង្កេត និងការផ្លាស់ប្ដូរបទពិសោធ ពីព្រោះបញ្ហាគ្រឿងញៀន គឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា និងបានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពី ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា៕