បន្ទាយមានជ័យ៖ ក្នុងរយៈពីរថ្ងៃកន្លងមកនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងភ័យខ្លាចពីសុវត្ថិភាព ដោយលេចឭព័ត៌មានថា មានប្រជាពលរដ្ឋ រស់នៅក្រុងសិរីសោភ័ណ បានប្រទះឃើញសត្វខ្លាដ៏ធំមួយក្បាល នៅចង្កេះ «ភ្នំពង្រកងវ៉ា» រហូតអាជ្ញាធរ និងមន្ត្រីជំនាញនាំគ្នាចុះទៅពិនិត្យមើលប្រទះឃើញដានជើង ចំនួន ០២កន្លែង ប៉ន្តែមិនទាន់មានការសន្និដ្ឋានឲ្យជាក់លាក់ឡើយ។។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលជាខ្លាំងថា ប្រជាពលរដ្ឋប្រទះឃើញសត្វខ្លា ២លើក នៅចង្កេះភ្នំពង្រកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីលេចឭពឹត៌មាននេះ អាជ្ញាធរភូមិ-សង្កាត់ មន្ត្រីរដ្ឋបាលក្រុង បានចុះទៅពិនិត្យឃើញមានដានជើង ចំនួន០២កន្លែង ដែលសង្ស័យជាជើងដានជើងខ្លា ត្រង់ចង្កេះភ្នំ និងក្បែរផ្ទះអ្នកភូមិជាប់ជើងភ្នំនេះ។
នៅពេលចុះទៅពិនិត្យករណីនោះ អាជ្ញាធរភូមិ-សង្កាត់ ដោយសារមានប្រជាពលរដ្ឋ បានរាយការណ៍ថា ប្រទះឃើញសត្វខ្លាមួយក្បាល ២លើក មានកម្ពស់ជាង ១ម៉ែត្រ ចេញពីព្រៃចង្កេះភ្នំពង្រកងវ៉ា និងក្បែរផ្ទះភូមិជាប់ព្រៃជើងភ្នំ ហើយអាជ្ញាធរបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋឡើងភ្នំបេះបន្លែផ្លែឈើត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ពាក់ព័ន្ធការភ្ញាក់ផ្អើលប្រទះឃើញសត្វខ្លាកណ្តាលក្រុងសិរីសោភ័ណនេះ អាជ្ញាធរ និងមន្ត្រីជំនាញមិនទាន់ហានសន្និដ្ឋានឡើយ រងចាំតាមដាន និងស្រាវជ្រាវជាបន្តទៀត៕