
ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៥៩ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃប្រពហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រសួងការងារបានឱ្យដឹងថា កម្មវិធី វេទិកាការងារ និងកម្មសិក្សាការងារនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៧ ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗនៅថ្ងៃនោះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
លោកស្រី វង វណ្ណារី មន្ត្រីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ជានិច្ចកាល AMK តែងតែចូលរួមសហការជាមួយនឹង NEA ក្នុងព្រឹត្តិការផ្សេងៗដើម្បីផ្តល់ឱកាសការងារដល់សិស្សនិស្សិតដែលចង់ស្វែងរកការងារធ្វើ។ ក្រោយការចូលរួមជាមួយ NEA យើងទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាពទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។
លោកស្រីបាន អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ NEA ក្នុងការរកគ្រប់វិធីសាស្ត្រជាច្រើនសំដៅជួយដល់និស្សិតឱ្យបានស្គាល់ពីក្រុមហ៊ុន ពិសេសបានដឹងពីព័ត៌មានទីផ្សារ និងតម្រូវការងារការងារនាពេលបច្ចុប្បន្ន។
សូមជម្រាបថា ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ កាន្និកា វឌ្ឍនៈ លក្ខិណា (ខេវីអិល) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនហ្វ័រវើដ ខេម អ៊ិនធើណសិនណល អ៊ិនវេសមេន, ក្រុមហ៊ុន ណូវ៉ាជេម អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុនGP investment Management limited company, ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន វ័ន ភ័ញ ខឹរៀ លេប ឯ.ក៕




