2024-05-29 15:54
354

ព្រៃវែង៖  លោកស្រី វ៉ាត់ សុខុម អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានទុក្ខជាទម្ងន់ ដោយសារឈ្មោះ វ៉ាត់ ផៃ ភេទស្រី  ឈ្មោះ ទ្រី គា ភេទប្រុស  ឈ្មោះ ស៊ន ស្រីមុំ ភេទស្រី  ឈ្មោះ វ៉ាត់ អ៊ីម ភេទស្រី ឈ្មោះ ម៉េន សាម៉េត ភេទស្រី និងឈ្មោះ ព្រំ យាន ភេទស្រី បានឃុបឃិតគ្នាជាប្រព័ន្ធរំលោភយកដីលំនៅដ្ឋានរបស់លោកស្រី មានទំហំ ២០ម៉ែត្រ x ៤៥ម៉ែត្រ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ 

យោងតាមឯកសារដែលលោកស្រីបង្ហាញប្រាប់បណ្តាញសារព័ត៌មានយើងឃើញថា ដំបូងឡើយដីលំនៅដ្ឋាននេះ គាត់បានទិញពីឈ្មោះ ជូ ភ្លាញ និងប្រពន្ធឈ្មោះ ឌឹម សារ៉ាន់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ លុះដល់ឆ្នាំ២០១៤ ទើបមានរឿងជាមួយឈ្មោះទាំងអស់ដូចបានរៀបរាប់ខាងលើ។ ហើយអ្នកទាំងអស់នេះបានប្តឹងផ្តល់លោកស្រីទៅសាលាស្រុកមេសាង នៅពេលនោះខាងសាលាស្រុកមិនបានកាត់ក្តីឲ្យភាគីណាឈ្នះ ឬចាញ់នោះទេ ដោយលោកអភិបាលស្រុកមេសាងយល់ថាសុទ្ធតែបងប្អូននឹងគ្នាទេ សម្របសម្រួលគ្នាត្រឹមណឹ្នងទៅ។ តែខាងភាគីដូចមានឈ្មោះទាំងអស់ខាងលើមិនព្រមស្តាប់តាមការណែនាំរបស់លោកអភិបាលស្រុកមេសាង ក៏បានប្តឹងផ្តល់គ្នាទៅដល់តុលាការសាលាដំបូងខេត្តព្រៃវែង ហើយក៏បានឆ្លើយទំលាក់កំហុសដាក់ម្តាយលោកស្រី វ៉ាត់ សុខុម ថាម្តាយលោកស្រី វ៉ាត់ សុខុម បានលក់ដីនោះទៅអោយពួកខ្លួន តែម្តាយលោកស្រី វ៉ាត់ សុខុម បានប្រកែកថាគាត់ពុំបានលក់ទៅអោយអ្នកទាំងអស់នោះទេ កុំយកឈ្មោះគាត់ទៅប្រើ ហើយនៅលើលិខិតទិញ-លក់ នោះមានតែឈ្មោះ ពុំមានស្នាមមេដៃទេ ហើយអ្នកម្តាយលោកស្រី វ៉ាត់ សុខុម បានឆ្លើយថា គាត់ពុំមានសិទ្ធិលក់ដូរដីរបស់កូនទេ។ បន្ទាប់មកទៀត លោក ទ្រី គា ក៏មានតែឈ្មោះលើលិខិតទិញ-លក់ តែពុំមានស្នាមមេដៃដែរ។ ដីដែលធ្វើលិខិតទិញ-លក់ក្លែងក្លាយនេះ មានទំហំ ៥អារ ៤០សង់ទីអារ ពុះជ្រៀកលើដីទំហំ ២០ម x ៤៥ម ហើយ វ៉ាត់ អ៊ីម ឆ្លើយថាទិញពីឈ្មោះ វ៉ាត់ សុខុម មានទំហំ ៣អារ៦០សង់ទីអារ រួចលក់បន្តអោយទៅឈ្មោះ ម៉េន សាម៉េត នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣។ ហើយមកដល់ពេលនេះការប្តឹងផ្តល់គ្នាដល់សាលាឧទ្ធរហ៍ភ្នំពេញ ដល់សាលាកំពូល ចេញពីសាលាកំពូលមកឧទ្ធរហ៍ វិលចុះវិលឡើងគ្មានទីបញ្ចប់ ។

    លោកស្រី ថន សូណា អនុភូមិព្រៃគុយបានប្រាប់បណ្តាញសារព័ត៌មានយើងតាមទូរស័ព្ទមកថា៖ រឿងដីធ្លីនេះបានកើតឡើងតាំងតែមេភូមិមុននៅរស់ លោកស្រីទើបតែឡើងមកក្រោយមិនអាចដឹងច្បាស់ទេ ហើយរឿងនេះ ទិញ-លក់ តែបងប្អូនគាត់តែប៉ុណ្ណោះ អ្នកទិញថាអោយលុយ  ចំណែកអ្នកលក់ថាមិនបានទទួល។

    លោក ហម អឿន មេឃុំត្រពាំងស្រែបានប្រាប់បណ្តាញសារព័ត៌មានយើងតាមទូរស័ព្ទមកថា៖ ចំពោះរឿងដីធ្លីនេះ បានកើតឡើងជាង១០ឆ្នាំកន្លងមកហើយ ដោះស្រាយនៅសាលាឃុំមិនត្រូវគ្នាទេ បានប្តឹងផ្តល់ដល់តុលាការ តាំងពីសាលាដំបូងខេត្តព្រៃវែង រហូតដល់សាលាកំពូលក្រុងភ្នំពេញ។ និងម្យ៉ាងទៀត ដំបូងឡើយការទិញ-លក់ធ្វើឡើងតែបងប្អូនពួកគាត់តែប៉ុណ្ណោះ អ្នកទិញថាបានប្រគល់លុយអោយ អ្នកលក់ថាមិនបានទទួលលុយទេ ហើយមកដល់ពេលនេះម្តាយពួកគាត់បានស្លាប់បាត់ទៅទៀត។ ចំពោះឈ្មោះ ម៉េន សាម៉េត ឈ្មោះ ទ្រី គា , វ៉ាត់ ផៃ , វ៉ាត់ អ៊ីម , ព្រំ យាន និង ស៊ន ស្រីមុំ បណ្តាញយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ។ 

    ជាចុងក្រោយលោកស្រី វ៉ាត់ សុខុម សូមសំណូមពរដល់ថ្នាក់ដឹកនាំកំពូលៗមេត្តាជួយពន្លឿន និងរកយុត្តិធម៌ជូនដល់គាត់ផង ព្រោះសព្វថ្ងៃគាត់មានវ័យចាស់ជរាខ្លាំងណាស់ហើយ។