ប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋរាប់រយនាក់ នៅទូទាំងខេត្តប៉ៃលិន បាននាំគ្នាយកវិក្កយបត្រភ្លើងអគ្គិសនី ក្រោយដែលពួកគាត់ពិនិត្យឃើញគីឡូភ្លើងអគ្គិសនី ឡើងខ្ពស់កប់ពពក ទៅឱ្យអាជ្ញាធរខេត្ត ពិនិត្យនៅក្នុងបរិវេណមណ្ឌលសុខភាពផ្សារព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:ដែលម្នាក់ៗ កើតទុក្ខមិនសុខចិត្ត ក្រោយទទួលវិក្កយបត្រពីក្រុមហ៊ុនអគ្គិសនី ឃើញថា អ្នកខ្លះឡើងគីឡូ គុណនឹង២ ខ្លះគុណនឹង៣ ហើយត្អូញត្អែរថា បើ ១ខែៗ រកថវិកាបង់ឱ្យតែថ្លៃភ្លើងអគ្គិសនីបែបនេះ គឺមិនអាចរស់បាននោះទេ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ ជុំ វិសាល រស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ថា កាលពីខែមុន ការប្រើភ្លើងអគ្គិសនីរបស់គាត់អស់ត្រឹម តែជាង ៣លានរៀលប៉ុណ្ណោះ។ តែរហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោយទទួលបានវិក្កយបត្រពីក្រុមហ៊ុនអគ្គិសនីភ្លាម ស្ទើរតែគាំងបេះដូង ដោយត្រូវបង់ប្រាក់ចំនួនជាង ៦លានរៀលឯណោះ ខណ:ដែលគាត់ប្រើឧបករណ៍ ក្នុងផ្ទះដូចសព្វមួយដង មិនបន្ថែមបន្ថយអ្វីនោះឡើយ។
ចំណែកអ្នកស្រី ផៃ ហ៊ូស៊ីវៃ បានឱ្យដឹងដែរថា ជារៀងរាល់ខែ ការបង់ថ្លៃភ្លើងអគ្គិសនីប្រើប្រាស់របស់គាត់ អស់ត្រឹមតែ ៥០ ទៅ ៦០ម៉ឺនរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅដើមខែឧសភានេះ តម្លៃភ្លើងអគ្គិសនី ដែលត្រូវបង់ រហូតដល់ជាង ១លានរៀល។ នេះពិតជាធ្វើឱ្យគាត់លំបាក ក្នុងការរស់នៅយ៉ាងខ្លាំង ព្រោះតែថ្លៃភ្លើងឡើងខ្ពស់ខ្លាំងពេក ពោលគឺគុណទ្វេតែម្តង។
ចំណែកប្រជាពលរដ្ឋផ្សេងៗ ទៀត បានឱ្យដឹងថា ថ្លៃភ្លើងអគ្គិសនីខែមុនៗ អស់ត្រឹមតែ ៤ ទៅ ៥លានរៀល ក្នុង ១ខែ។ ប៉ុន្តែចូលមកដល់ដើមខែឧសភា ឆ្នាំ២០២៣នេះ ភ្លើងអគ្គិសនីឡើងរហូតដល់ជាង ១០លានរៀលឯណោះ ដែលជាការលំបាករកលុយបង់ឱ្យថ្លៃភ្លើងខ្លាំងណាស់។ ដូច្នេះពួកគាត់ម្នាក់ៗ សំណូមពរឱ្យអាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ជួយចុះត្រួតពិនិត្យមើលកុងទ័រភ្លើងអគ្គិសនីឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកមូលហេតុនៃការឡើងគីឡូវ៉ាត់ខ្ពស់ត្រដែតបែបនេះ។ដោយ,ស សារឿន