2024-05-29 23:55
356

ភ្នំពេញ៖ កម្លាំងនាយកដ្ឋព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើង ចំនួន០៥នាក់ ជាបន្តបន្ទាប់ក្រោយពីពួកគេបានរួមគ្នា ធ្វើសកម្មភាពចាប់រំលោភបូលលើក្មេងស្រី អាយុ១២ឆ្នាំម្នាក់ បានសម្រេចនៅទឹកដីខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង០៥នាក់ ដែលពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ត្រូវបានបង្ក្រាប និងឃាត់ខ្លួន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន០៥នាក់ជាបន្តបន្ទាប់។

តាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ បង្កឡើងដោយជនសង្ស័យ ចំនួន០៥នាក់ ស្ថិតត្រង់ចំណុច ផ្ទះជួលលេខ៣១ ផ្លូវលេខ ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវលើករណីនេះ រហូតឈានដល់ទទួលលទ្ធបែបនេះ។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន។

ក្មេងទំនើងល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖ ទី១៖ ឈ្មោះ ឈួន គីមឡេង អាយុ ២១ឆ្នាំ, ទី២៖ ឈ្មោះ ខន បុរី អាយុ ១៤ឆ្នាំ, ទី៣៖ ឈ្មោះ ហ៊ន វីរះយុទ្ធ អាយុ ១៦ឆ្នាំ, ទី៤៖ ឈ្មោះ ខន វីរះ អាយុ ១៣ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុច ឃុំព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និង ទី៥៖​ ឈ្មោះ លី គឹមលី អាយុ ១៦ឆ្នាំ ឃាត់ខ្លួនបាន ត្រង់ចំណុច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា៖ «ពួកខ្លួនពិតជាបានប្រព្រឹត្តករណីរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ»

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕