ភ្នំពេញ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រង់ក្រុមហ៊ុន បានធ្វើដំណើរឆ្ពោះទៅទីក្រុងវ៉េនណា ប្រទេសអូទ្រីស ដើម្បីចូលរួមកម្មវិធីទទួលពានរង្វាន់ «Monde Selection Awards» ប្រចាំឆ្នាំ២០២៤ ដោយទទួលមេដាយមាស ចំនួន ០៧មេដាយ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក «International High Quality 2024» ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់ និងផ្តល់តម្លៃមួយនេះ។
ជាមួយនឹងភាពជោគជ័យធំទាំងនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ ពិសេស បំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតភេសជ្ជៈ។
គិតត្រឹមរយៈពេលជាង២ឆ្នាំ នៃប្រតិបត្តិការរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាស សរុបចំនួន ២១ និងពានរង្វាន់សម្រាប់ផលិតផល ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ ទន្ទឹមនឹងចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយ ចំនួន៥ផ្សេងទៀត នាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។
នេះគឺជាមោទកភាពរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលកម្ពុជាដែលផលិតដោយកូនខ្មែរ ជារួមគឺនាំយកផលិតផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ សមិទ្ធិផលដ៏អស្ចារ្យនេះ ធ្វើឲ្យអតិថិជនមានទំនុកចិត្ត ជឿជាក់ទាំងគុណភាព និងរសជាតិ ស័ក្កសមជាស្រាបៀរដ៏ប្រណិតពិតប្រាកដ៕