2024-06-02 13:48
370

ភ្នំពេញ៖ រថយន្តសណ្ដោងរ៉ឺម៉កដឹកទំនិញ ០១គ្រឿង បានបើកបរក្នុងល្បឿនលឿនឡាគួរទៅដល់ចំណុចរង្វង់មូលឡើងផ្លូវល្បឿនលឿន បណ្តាលឱ្យដាច់បាឡុងរលើងភ្នែករ៉ឺម៉កក្រឡាប់ផ្ងាជើងចាក់ទំនិញចោលពេញផ្លូវយកជើងទ្រមេឃ ប៉ុន្តែសំណាងគ្មានមនុស្សរងគ្រោះថ្នាក់

ករណីនេះបានកើតឡើង នៅវេលាម៉ោង ០៧និង៣០ នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលគល់ផ្លូវល្បឿនលឿន ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះ ម៉ាក យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8420 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដឹកម្សៅជ័រសម្រាប់ផលិតទុយោជ័រ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់កន្លែងកើតហេតុយកចង្កូតខ្លាំងពេក (ឡាគួ) រង្វង់មូលគល់ស្ពានឡើងទៅផ្លូវល្បឿនលឿន ដាច់ភ្នែករ៉ឺម៉កក្រឡាប់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅសម្រួលចរាចរមិនឲ្យកកស្ទះ ព្រមទាំងពិនិត្យ និងមិនាបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ឬប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ទើបនគរបាលសម្រេចឲ្យម្ចាស់ចាត់ចែងស្ទួចយករថយន្ត និងទំនិញនោះចេញពីផ្លូវកន្លែងកើតហេតុ ដើម្បីចៀសវាងការកកស្ទះចរាចរ៕