2024-06-03 07:06
200

ត្បូងឃ្មុំ៖ ក្នុងប្រតិបត្តិការចុះបង្ក្រាបហាងលក់ទូរសព្ទដៃ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កំពុងផ្ទុះការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកពីសំណាក់សាធារណជន និងមានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជាពិសេស ពាក់ព័ន្ធករណីចោទប្រកាន់លើមន្ត្រីគយថា បានប្រមូលយកទាំងទូរសព្ទ ប្រភេទ «Nokia អិនចុចពិល» និងទាលុយជាថ្នូរមិនបង្ក្រាបជាដើមនោះ ក្រុមអាជីវករបានចេញមុខបកស្រាយថាគ្មានករណីបែបនេះទេ។

 នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអាជីករអ្នកលក់ទូរសព្ទដៃ នៅផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអះអាងថា៖ «ក្រុមសមត្ថកិច្ចចម្រុះមន្ត្រីគយចល័តតំបន់៦ ដែលចុះបង្ក្រាបហាងលក់ទូរសព្ទរបស់គាត់មិនបានចាប់ដកហូតយកទូរសព្ទ ម៉ាក «Nokia អិនចុចពិល» ដូចការបង្ហោះលើបណ្តាញសង្គមនោះឡើយ ប៉ុន្តែពួកគាត់ស្នើសុំដល់មន្ត្រីគយ និងរដ្ឋាករ មានយល់យោគ និងដោះស្រាយឱ្យបានឆាប់ ជាពិសេស ស្នើសុំការបន្ធូរបន្ថយតម្លៃបង់ពន្ធចំពោះទូរសព្ទមួយទឹក»             

 ចំពោះមុខមន្ត្រីជំនាញការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ (គយចល័យតំបន់៦) ក្រុមអាជីវករលក់ទូរសព្ទទទួលស្គាល់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្លាំងចល័យតំបន់៦ សហការជាមួយអាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ក្រោមការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង អមអយ្យការខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការបង្ក្រាបហាងទូរសព្ទ និងទំនិញគេចពន្ធមែន តែមិនបានដកហូតយកទូរសព្ទ ប្រភេទ «Nokia អិនចុចពិល» ឡើយវាជារឿងភ័ន្តច្រឡំប៉ុណ្ណោះ។ 

 ពាក់ព័ន្ធករណីល្បីល្បាញតាមបណ្ដាញសង្គមផ្សេងៗថា៖ ទូរសព្ទ ម៉ាក «Nokia ចុចពិល» ក្នុង ០១គ្រឿង បង់ពន្ធនាំចូល ចំនួន ៩៣ដុល្លារ ជារឿងមិនពិតដែរ ពោលគឺជាការបំប៉ោងព័ត៌មាន និងជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបុគ្គលឈ្លាតឱកាសកេងចំណេញ ដើម្បីយកអ្នកចែករំលែក និងអ្នកចូលទស្សនាបានច្រើនប៉ុណ្ណោះ។ រីឯរឿងចោទថា ក្រុមមន្ត្រីគយទាមទារលុយប្រមាណ ៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងក៏មិនជាការពិតដែរ។

 ក្រុមអាជីវករលក់ទូរសព្ទបានបន្ថែមថា៖ ទូរសព្ទត្រូវបានក្រុមសមត្ថកិច្ចគយ និងរដ្ឋាករតំបន់៦ ប្រមូលយកទៅនោះ មានទូរសព្ទថ្មី និងទូរសព្ទមួយទឹកខ្លះដែលទើបនាំចូលពីក្រៅប្រទេស ព្រមទាំងខ្លះទៀត ជាទូរសព្ទមួយទឹក ដែលបានដោះដូរក្នុងស្រុក។  ចំពោះទូរសព្ទថ្មីដែលពួកគាត់ដាក់លក់ទិញពីក្រុមហ៊ុន គឺធានាបង់ពន្ធជូន ប៉ុន្តែអ្វីដែលបារម្ភទូរសព្ទមួយទឹក។

 សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្ត ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ដោយព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មលក់ទូរសព្ទ ចំនួន ០៥ទីតាំង នៅស្រុកមេមត់ នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះ រួមមាន៖ ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនី ជាច្រើមផងដែរ។       

 ប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះគយចល័តតំបន់៦ បង្ក្រាបហាងលក់ទូរសព្ទនេះ បានធ្វើឱ្យផ្ទុះការរិះគន់ស្ទើរពេញមួយប្រទេសហើយហាងលក់ទូរសព្ទមួយចំនួនបានបិទទ្វា ដោយសារភ័យខ្លាចក្រុមមន្ត្រីគយចុះបង្ក្រាប និងប្រមូលយក។ 

 បន្ទាប់មានការបង្ហោះចែកចាយករណីមន្ត្រីបង្ក្រាបប្រមូលយកទាំងទូរសព្ទ ម៉ាក «Nokia ចុចពិល» និងត្រូវបង់ពន្ធ ៩៣ដុល្លារក្នុង ០១គ្រឿងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ក៏បានចេញលិខិតបំភ្លឺថា៖ អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពីគយជាធរមាន, ប្រកាស លេខ ៣៨៩ សហវ. គរ ចុះថ្ងៃទី២២ ខែខុសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រកាសលេខ ៧៣៥ សហវ.តរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញទូរសព្ទត្រូវបានចាត់ជាទំនិញកំណត់ ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។

 អគ្គនាយកដ្ឋានគយ បានបកស្រាយទៀតថា៖ ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាព នៅតាមទីតាំងអាជីវកម្មដ្ឋាននេះ មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចពិនិត្យឃើញថា «មានទូរសព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់»។ ដូច្នេះទូរសព្ទទាំងអស់នេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងឈរជើងរបស់ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។

 អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា៖ «ទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរ ក្នុងស្រុក អង្គភាពគយ និងរដ្ឋាករ មានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញផងដែរ»