2024-06-03 11:06
200

បន្ទាយមានជ័យ៖ ក្លឹបកម្សាន្តឌីស្កូរ និងការ៉ាអូខេ យីហោរ រ «TNL» ដែលមានការពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ
  តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្លឹបកម្សាន្ត ការ៉ាអូខេ និងបើកស្តុកឃ័រ «TNL» មានទីតាំងស្ថិតក្នុងភូមិអូរអំបិល ហៅចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ត្រូវបានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយ លោក ស្រេង សុផល អភិបាលក្រុង លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនៃអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះបង្រ្កាប និងឃាត់ខ្លួនក្មេងទំនើងប្រុស-ស្រី ជាច្រើននាក់ រួមជាមួយគ្រឿងញៀនមួយចំនួនផងដែរ។
   ប្រតិបត្តិនេះបង្ក្រាបក្លឹបកម្សាន្ត ការ៉ាអូខេ និងស្តុកឃ័រនេះ ធ្វើឡើងនៅម៉ោង២ រំលងអាធ្រាត្រថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ព្រឹកនេះ មិនទានបញ្ចប់ប្រតិបត្តិការនៅឡើយទេ។ កម្លាំងសមត្ថកិច្ចបានចូលឆែកតាមបន្ទប់ខាងរ៉ាអូរខេ និងក្លឹបកម្សាន្តបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ២៤នាក់ និងរឹបអូសវត្ថុតាង គ្រឿងញៀនមួយចំនួនទៀត។
ការបង្ក្រាបក្លឹបកម្សាន្តផ្តល់ទីតាំងឱ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់នេះ ក្រោយការណែនាំពី លោក អ៊ុំ រាត្រី ប្រធានគណបញ្ជាការឯកភាពខេត្ត ដើម្បីលុបបំបាតបទល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើងគ្រប់ប្រភេទ ជាពិសេសតាមក្លឹបកំសាន្ត និងហាងការ៉ាអូខេ ដែលមានលួចលាក់បង្កប់ការជួញដូរគ្រឿងញៀន នឹងបទល្មើសផ្សេងៗត្រូវលុបបំបាត់ឱ្យបាន។ ចំពោះទីតាំងក្លឹបកម្សាន្ត ហាងការ៉ាអូខេ ភោជនីយដ្ឋានដែលរកឃើញមានបទល្មើសញៀនត្រូវបិទតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ និងកសាងនិតិវិធីតាមច្បាប់ ដោយគ្មានការលើកលេងឡើយ៕