2024-06-04 12:18
294

(ភ្នំពេញ)៖ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិអាមេរិក បន្ទាប់ពីធ្វើដំណើរមកដល់ព្រះរាជាណាចក្រក្រកម្ពុជាភ្លាម ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាភ្លាមៗផងដែរ ។ 

 សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំ                 គណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ព្រឹកនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

 ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ត្រូវ           បានទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ។

 ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ ហើយនោះ លោក ឡយ អូស្ទីន នឹងជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា។ នៅទីស្តីការក្រសួងការពារជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការផងដែរ។

 ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

 ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា នេះជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង មកកាន់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។

 ក្រសួងការពារជាតិ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ  ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

 គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមកកម្ពុជាម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩៕