ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលា២នាក់ឆ្លៀតពេលគ្រូអត់បង្រៀន បាននាំគ្នាទៅលេងទឹកប្រឡាយមេមួយកន្លែង ខណៈនោះ បណ្ដាលអោយលង់លិចបាត់ទៅក្នុងទឹកម្នាក់ ចំណែកម្នាក់ទៀតស្រវាឡើងគោករួច ហើយបានស្រែកហៅឪពុករបស់ខ្លួនដែលកំពុងនៅវាលស្រែជិតនោះអោយជួយ។ បន្ទាប់មកបុរសជាឪពុកបានចុះរាវក្មេងប្រុសដែលលិចបាត់ក្នុងទឹកនោះ រយៈពេល១០នាទីទើបឃើញ និងស្រង់ឡើងគោកនិងជួយសង្រ្គោះ ប៉ុន្តែក្មេងប្រុសរូបនោះបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នោះបានកើតឡើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅប្រឡាយទឹកមេខាងក្រោយវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះឈ្មោះ សារៈ ឧត្តម អាយុ ៨ ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាចាប យិន ប្រទះឡាង មានទីលំនៅផ្ទះលេខ១២ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ។ចំណែកឯក្មេងប្រុសម្នាក់ទៀតដែលមិនស្លាប់ឈ្មោះតែន សុផានុត អាយុ១០ឆ្នាំ ជាសិស្សរៀននៅសាលាជាមួយគ្នា និងមានទីលំនៅក្នុងភូមិជាមួយគ្នា ហើយប្រឡាយទឹកនោះមានជម្រៅជិត៣ម៉ែត្រឯណោះ។
ក្មេងប្រុសដែលនៅរស់បាននិយាយថា នៅមុនពេលកើតហេតុរូបគេនិងជនរងគ្រោះបានទៅរៀន ប៉ុន្តែពេលទៅដល់សាលាគ្រូអត់បង្រៀន ក៏បាននាំគ្នាដើរទៅផ្ទះតាមវាលស្រែ ហើយបានទៅដល់ប្រឡាយទឹកខាងលើ ។ ពេលនោះជនរងគ្រោះបានអោយរូបគេលោតចុះទៅក្នុងទឹកប្រឡាយដើម្បីចង់ដឹងថា តើជ្រៅឬរាក់ងាយស្រួលចុះលេងនៅថ្ងៃក្រោយទៀត ហើយរូបគេក៏លោតចុះភ្លាមៗតែម្ដង ។
ក្មេងប្រុសរូបនោះបាននិយាយបន្តទៀតថា លុះបន្តិចក្រោយមកជនរងគ្រោះបានលោតចុះទៅតាមនិងបានតោងករូបគេជាប់ ធ្វើអោយលិចចូលទៅក្នុងទឹកទាំងអស់គ្នា ហើយរូបគេខំរើបម្រាស់រួច ចំណែកជនរងគ្រោះលិចបាត់ក្នុងទឹក ។ បន្ទាប់មករូបគេបានឡើងគោកនិងបានរត់ទៅហៅឪពុកដែលកំពុងនៅស្រែជិតនោះអោយជួយ ចុះរាវស្រង់ជនរងគ្រោះឡើងគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បុរសម្នាក់ឈ្មោះសុខ ណុន អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែត្រូវជាឪពុករបស់ក្មេងប្រុសដែលនៅរស់បាននិយាយថា នៅមុនពេលកើតហេតុគាត់កំពុងនៅមើលស្រែកុំអោយមាន់ចូលសុីស្រូវ ស្រាប់តែឃើញកូនប្រុសគាត់រត់ទៅប្រាប់ថា ពុកៗពួកម៉ាកខ្ញុំលង់ទឹកហើយ ។ ពេលនោះគាត់ក៏បានរត់ទៅទីតាំងកើតហេតុ ហើយចុះទៅក្នុងទឹកប្រឡាយជម្រៅជិត៣ម៉ែត្ររាវរករយៈពេល១០នាទីទើបឃើញ និងស្រង់ឡើងគោកដើម្បីសង្រ្គោះបឋម ប៉ុន្តែក្មេងប្រុសនោះបានស្លាប់បាត់ទៅហើយ ទើបនាំយកទៅដាក់នៅវត្តស្វាយមាសនិងប្រាប់អោយឪពុកម្ដាយទៅមើល ព្រមទាំងរាយការណ៍អោយនគរបាលចុះទៅពិនិត្យកោសល្យវិច័យ។