ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបដិសេធចំពោះករណីជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយមានឈ្មោះ «Chean Dorn» បង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើមន្ត្រីជំនាញថាបានដោះលេងមេខ្លោងគ្រឿងញៀនធំបង្ក្រាបក្នុងក្លឹបកម្សាន្ត ថាំង ហ៊ួយ ជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ គឺជារឿងមិនពិត។
មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ថ្មីៗនេះមានក្រុមអនាមិកបានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេស មន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងខំមិន (Comment) ក្នុងផេកហ្វេកប៊ុករបស់ថ្នាក់ដឹកនាំបង្កឱ្យមានការភ័ន្តច្រឡំរបស់សាធារណជនមកលើអង្គភាពអនុវត្តន៍ច្បាប់។
ជាក់ស្តែង គណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ Chean Dorn បានបង្ហោះខ្លឹមសារថា «មេធំគ្រឿងញៀន ក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូនដោយថ្នូរជាការបង់លុយចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម)»។
ជុំវិញការផ្សាយព័ត៌មានក្លែងក្លាយខាងលើនេះ ក្រុមការងារប្រតិកម្មរហ័សមន្ទីរប្រឆាំងគ្រឿងញៀន បានបំភ្លឺជូនសារធារណជនថា៖ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២និង០៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ទីតាំងក្លិបកំសាន្ត ថាំង ហ៊ួយ ក្លិប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ លទ្ធផលនៃប្រតិបត្តិការនោះ បានឃាត់ខ្លួនមនុស្ស សរុបចំនួន ១១១នាក់ (ស្រី ៤២នាក់) ក្នុងនោះ ជនជាតិខ្មែរ ចំនួន ១៤នាក់ (ស្រី ០៦នាក់), ជនជាតិចិន ចំនួន ៥៤នាក់ (ស្រី ០៩នាក់), ជនជាតិវៀតណាម ចំនួន ៣៩នាក់ (ស្រី ២៧នាក់), ជនជាតិកូរ៉េ ០២នាក់ និងជនជាតិម៉ាឡេស៊ី ០២នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន ចំនួន ៦គីឡូក្រាម ៣៨៨.៥៧ក្រាម។
ឆ្លងតាមការស៊ើបអង្កេតសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀម បានរកឃើញអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន ៣០នាក់ ស្រី ១៦នាក់ ក្នុងនោះមានជនបរទេស ចំនួន ២៨នាក់ (ស្រី១៤នាក់) ជនជាតិវៀតណាម ២២នាក់ (ស្រី១៣នាក់), ជនជាតិចិន ០៥នាក់ (ស្រី ០១នាក់) និងជនជាតិម៉ាឡេស៊ី ០១នាក់ ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា និងជនជាតិខ្មែរ ចំនួន ០២នាក់ (ស្រី២នាក់) បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា)។
នគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា៖ ជនសង្ស័យ ចំនួន ១៥នាក់ ស្រី ០៤នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ រក្សាទុក ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់តាមផ្លូវច្បាប់។ ដោយឡែកមនុស្ស ចំនួន ៦៦នាក់ ស្រី ២២នាក់ ក្នុងរង្វង់ប្រតិបត្តិការ ក្នុងនោះ ក៏មានឈ្មោះ លី ភីនជាំង (LI PINJIANG) ភេទប្រុស ជនជាតិចិន ផងដែរ ពុំមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ធ្វើកិច្ចសន្យា អប់រំ អញ្ជើញអាណាព្យាបាលមកទទួលយកទៅលំនៅដ្ឋានវិញ ។
ឆ្លងតាមការស៊ើបអង្កេតតាមការស្តាប់ចម្លើយឈ្មោះ លី ភីនជាំង (LI PINJIANG) និងជនសង្ស័យពាក់ព័ន្ធបទល្មើស ចំនួន ១៥នាក់ ខាងលើ៖ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោងគ្រឿងញៀនទេ ឬជាប់ពាក់ព័ន្ធបទល្មើសនោះទេ ដោយសារវត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចចាប់យកពុំបានចាប់យកផ្ទាល់ពីឈ្មោះ លី ភីនជាំង (LI PINJIANG) នោះទេ ហើយពុំមែនជាម្ចាស់វត្ថុតាងគ្រឿងញៀននោះដែរ។ ឈ្មោះ លី ភីនជាំង (LI PINJIANG) បានចូលរួមធ្វើជាសាក្សី នៅក្នុងកំណត់ហេតុចាប់យកវត្ថុតាងនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាម្ចាស់ទីតាំង ឬជាបុគ្គលិកបំរើការងារនៅក្នុង KTV ថាំងហ៊ួយនេះទេ តាមការពិតឈ្មោះនេះជាភ្ញៀវមកកំសាន្តនៅក្នុងទីតាំងខាងលើ ចំពេលសមត្ថកិច្ចយើងចុះបង្ក្រាប។
លុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានសារព័ត៌មានអនឡាញមួយចុះផ្សាយដោយចោទប្រកាន់ថា៖ «សមត្ថកិច្ចបានដោះលែងមេខ្លោងគ្រឿងញៀនឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន បន្ទាប់ពីបង្ក្រាបនៅក្នុងក្លិបថាំងហ៊ួយ»។ បន្ទាប់ពីទទួលបានឃើញការចុះផ្សាយនេះភ្លាម មន្ទីរប្រឆាំងគ្រឿងញៀន បានទាក់ទងទៅកាន់អង្គភាពសារព័ត៌មាននោះ និងអញ្ជើញតំណាងមកអង្គភាព ដើម្បីឆ្លើយបំភ្លឺការផ្សាយព័ត៌មានខាងលើ។
តាមការបំភ្លឺរបស់សារព័ត៌មានអនឡាញនោះថា ការចុះផ្សាយនេះ គឺពុំមានប្រភពព័ត៌មានច្បាស់លាស់ទេ គ្រាន់តែឃើញរូបថតឈ្មោះ លី ភីនជាំង(LI PINJIANG) មានដាក់វត្ថុតាងគ្រឿងញៀន នៅខាងមុខ និងឃើញដៃមានជាប់ខ្នោះ សន្និដ្ឋានជាមេខ្លោងតែម្តង។ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ជូនសារព័ត៌មានវិញថា៖ ឈ្មោះ លី ភីនជាំង (LI PINJIANG) ពុំមែនជាមេខ្លោង និងពុំមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ។ បន្ទាប់មកសារព័ត៌មានទទួលប្រភពព័ត៌មានច្បាស់ពីអង្គភាពប្រឆាំងបទល្មើសគគ្រឿងញៀនមក៏បានលុបព័ត៌មានដែលបានផ្សព្វផ្សាយនោះនៅថ្ងៃដដែល។
ជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន បានបង្ហោះព័ត៌មានបំភ្លឺវិញថា៖ ជនជាតិចិនឈ្មោះ លី ភីនជាំង (LI PINJIANG) មិនមែនជាមេខ្លោងគ្រឿងញៀននោះទេ ការផ្សព្វផ្សាយរបស់ខ្លួន ជាការយល់ច្រឡំ។ លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Chean Dorn បានយករូបភាព និងវីដេអូដែលសារព័ត៌មានអនឡាញផ្សាយគ្មានការពិតយកទៅផ្សាយបន្តដែលនាំឱ្យមានការយល់ច្រឡំជាថ្មី ហើយបានដាក់ចំណងជើងថា៖ «មេធំគ្រឿងញៀន ក្លិប ថាំង ហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិន ត្រូវបានដោះលែងដោយរលូន ដោយថ្នូរជាការបង់លុយ ចំនួន (៥០ម៉ឺនដុល្លារអាមេរិក) ឲ្យទៅខាងមេមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងយីហោ ថាំង ហ៊ួយ ក្លិប ស្ថិតនៅផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹងគ្រឿងញៀន (៧គីឡូក្រាម)។
ក្រោយមកក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn ទើបបង្កើតឡើងរយៈពេលខ្លី គឺនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្រោយ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព័ត៌មានផ្សាយមិនពិត ហើយម្ចាស់ហ្វេសប៊ុកនេះ ក៏មិនបានបង្ហាញអត្តសញ្ញាណច្បាស់លាស់ថែមទៀត។ ដូច្នេះតាមការសន្និដ្ឋានហ្វេសប៊ុកឈ្មោះ Chean Dorn យករូបភាព និងវីដេអូគ្មានការពិតមកបង្ហោះនោះ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយបង្ហោះព័ត៌មានក្នុងចេតនាមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលើថ្នាក់ដឹកនាំ នៃមន្ទីរប្រឆាំងគ្រឿងញៀន។ លុះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរបានស្នើសុំសហការពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយស្រាវជ្រាវហ្វេសប៊ុកឈ្មោះ Chean Dorn បន្តដោយកំណត់អត្តសញ្ញាណជន ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយនេះមានឈ្មោះ ងន សុងឆាយ ភេទប្រុស កើតថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៩២ កាន់អត្ដសញ្ញាណប័ណ្ណលេខ 020841131 (01) អាសយដ្ឋាន ភូមិថ្នល់បំបែក ឃុំទឹកវិញ ស្រុកស្អាង ខេត្តកណ្ដាល។
ភ្លាមៗនោះមន្ទីរប្រឆាំងគ្រឿងញៀន អញ្ជើញឈ្មោះ នង សុងឆាយ ឱ្យចូលបំភ្លឺនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ នង សុងឆាយ ខ្លួនពុំមែនជាម្ចាស់ ឬអ្នកប្រើប្រាស់គណនីហ៊េសប៊ុក ឈ្មោះ Chean Dorn នោះទេ ហើយពុំមានការជាប់ពាក់ព័ន្ធនឹងការចុះផ្សាយ និង Comment ចូលគេហទំព័រហ្វេសប៊ុកផ្លូវការបស់ថ្នាក់ដឹកនាំនោះទេ។
មន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Chean Dorn ដែលបានចោទប្រកាន់មកលើអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។ មន្ទីរប្រឆាំងគ្រឿងញៀន បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ស្រាវជ្រាវរក មុខសញ្ញាដែលកាន់កាប់ ឬប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Chean Dorn ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ប្រសិនជាសាធារណជនណា អាចផ្តល់ព័ត៌មានសម្ងាត់ពីអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក Chean Dorn នេះបាន មន្ទីរប្រឆាំងគ្រឿងញៀននឹងផ្តល់រង្វាន់ជាទីគាប់ចិត្ត និងរក្សាការសម្ងាត់ជូន។
មន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការរបស់ មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មាន មុននឹងផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរសព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់ អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម៕