2024-06-04 08:06
169

នៅព្រឹកថ្ងៃចន្ទ១២រោចខែពិសាខឆ្នាំរោងឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រគល់រថយន្តចំនួន០២គ្រឿង ដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋានដើម្បីប្រើប្រាស់សម្រាប់ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុកក្នុងខេត្តបាត់ដំបង។ 
   ក្នុងឱកាសនៃការប្រគល់ ទទួលនេះលោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការអនុញ្ញាតិពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម បានផ្តល់នូវរថយន្តនេះមកស្នងការដ្ឋានដើម្បីបានប្រើប្រាស់ជាផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង។ 
  លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំដល់លោកស្នងការរងទទួលផែននិងលោកស្នងការរងទទួលដឹកនាំការិយាល័យរួមទាំងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការប្រេីប្រាស់រថយន្តនេះដើម្បីបម្រើដល់ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ជាពិសេសសំដៅទៅលើគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនដែលមានសិស្សានុសិស្សគ្រប់អាយុក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណ ធ្វើយ៉ាងណាសម្របសម្រួលឱ្យបានឆាប់រហ័សក្នុងការផ្តល់ ហើយមន្រ្តីនគរបាលជំនាញនេះត្រូវបម្រើសេវ៉ាជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ដោយពាក្យសំដី និងអាកប្បកិរិយា រួសរាយរាក់ទាក់ចៀសវាងនូវបាតុភាពអវិជ្ជមានណាមួយកើតឡើងក្នុងការងារនេះហើយជាមួយនេះសូមជួយ ថែរក្សានូវរថយន្តទាំងនេះឱ្យបានល្អ មិនត្រូវយករថយន្តនេះទៅប្រើប្រាស់ខុសគោលបំណងដែលបានដាក់ជូននេះឡេីយ៕