2024-06-04 08:06
187

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយកសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ចូលរួមក្នុងកម្មវិធីសប្បុរសធម៌ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។
   ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយ លោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុម ព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៌ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។
កញ្ចប់ជំនួយសប្បុរសធម៍ រួមមាន៖ បរិក្ខារជំនួយដល់ការសិក្សាមានកង្ហារ ម៉ាស៊ីនចំរោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាស៊ីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សំរាប់ជនពិការ និងស្បៀងអាហារ ដូចជា អង្ករ មីកញ្ចប់ ត្រីខរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់សិស្ស ចំនួន ៣៥០នាក់ផងដែរ។

  កញ្ចប់ជំនួយសប្បុរសធម៍នេះគឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថមការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន  ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអរក្នុងបរិវេនសាលារៀនបានមួយកំរិតផងដែរ។
សូមបញ្ជាក់ថា នាពេលកន្លងមក ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) តែងតែចូលរួមយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសប្បុរសធម៌ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរ៕