2024-06-04 08:06
173

កំពង់ចាម៖ ក្រុមក្មេងៗទំនើងដែលបែកស្លុយភ្លើតភ្លើនជិះម៉ូតូបង្ហោះបង្កភាពអណាធិបតេយ្យហើយបានបង្ហោះលើបណ្តាញសង្គមនហ្វេសប៊ុក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានក្រុងកំពង់ចាម ស្រាវជ្រាវឈានដល់ឃាត់ខ្លួនយកមកសាកសួរ អប់រំណែនាំ ធ្វើកិច្ចសន្យា និងបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្តទៀត។
   នគរបាលបានឱ្យដឹងថា ក្រោយយទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដាច់ខាតត្រូវបង្ក្រាបរាល់សកម្មភាព ដែលបង្កភាពអណាធិបតេយ្យ បង្កឡើងដោយក្មេងទំនើង ដែលអាចជះឥទ្ធិពលអាក្រកើដល់សង្គម និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីស្វែងរកមុខសញ្ញាក្មេងបង្ហោះម៉ូតូ បង្កភាពអាណាធិបតេយ្យ តាមទីសាធារណៈ បង្ហោះចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៤ សមត្ថកិច្ចកំណត់បានមុខសញ្ញាឃាត់ខ្លួន ចំនួន ០៣នាក់ យកមកសាកសួរ។
  ចំពោះមុខសញ្ញាក្រុមក្មេងទំនើងបង្ហោះម៉ូតូ បានបំភ្លឺថា និងសារភាពថា «ពួកខ្លួនមានគ្នា ចំនួន ០៣នាក់ ពិតជាបានបង្ហោះម៉ូតូដូចការបង្ហោះចែកចាយតាមបណ្តាញសង្គម facebook ពិតប្រាកដមែន»។

  ក្រោយបានទទួលការអប់រំណែនាំពីសម្ថកិច្ចពីគំរូមិនល្អដល់សង្គម និងគ្រួសាររួចមកអ្នកទាំង៣ បានទទួលស្គាល់កំហុស និងសន្យាបញ្ឈប់គ្រប់សកមនមភាព និងទង្វើមិនល្អដែលជះឥទ្ធិពលអាក្រក់ដល់សង្គមទៀត និងបានប្រគល់ជូនទៅ អាណាព្យាបាលធានាយកទៅអប់រំបន្ត៕