2024-06-04 20:40
213

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង  ខេត្តកណ្តាលយុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូយ៉ាងលឿនទៅបុកជាមួយរថយន្តពេញមួយទំហឹង ។ 
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មាន វីរៈពង់ ភេទប្រុស អាយុ២៤ឆ្នាំ  មានទីលំនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកHONDA MSX  ពណ៌ខ្មៅ  ពាក់ស្លាកលេខពោធិ៍សាត់1J-3974 ។ ចំណែកភាគីខាងរថយន្តមិនស្គាល់អត្តសញ្ញាណអ្នកបើក   រថយន្តម៉ាកMAZDA (ម៉ាសស្ដា)ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-9559 ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកHONDA MSX  ពណ៌ខ្មៅ  ពាក់ស្លាកលេខពោធិ៍សាត់1J-3974 បើកបរដោយឈ្មោះ មាន វីរៈពង់ ភេទប្រុស អាយុ ២៤ឆ្នាំ  មានទីលំនៅភូមឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល  (មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ)។ ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបើកទៅបុកជាមួយរថយន្ដមួយគ្រឿងដែលមានម៉ាក MAZDA (ម៉ាសស្ដា) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-9559 (អ្នកបើកបររថយន្ដរត់គេចខ្លួន) ដែលបើកក្នុងទិសដៅបញ្រ្ជាសគ្នាពីត្បូងទៅជើង (កោះធំ-តាខ្មៅ) បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ។
តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ Honda MSX  បើកបរក្នុងល្បឿងលឿន ខ្វះការប្រុងប្រយ័ត្ន មានការធ្វេសប្រហែស រីឯអ្នកបើកបររថយន្ដបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង៕