2024-06-05 02:06
139

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានធ្វេីការបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូប្រចាំស្រុកអង្គស្នួល ចំនួន ០៦នាក់ យកមកសាកសួរ ដេីម្បីអនុវត្តតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តកណ្ដាល បានឱ្យដឹងនៅព្រឹកថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៤។ 

ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានកិច្ចប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូ) កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចផ្លូវបេតុងក្នុងបុរីHM ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមដំណើររឿងហេតុ បានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កាលពីយប់មិញនេះ បានចេញល្បាតនៅក្នុងភូមិសាស្ដ្រ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅចំណុចកើតហេតុ មានបក្ខពួកជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូចំនួន០៤គ្រឿង និងបានធ្វើសកម្មភាពបង្ហោះម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមទាំងមធ្យោបាយម៉ូតូបួនគ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថាពួកខ្លួនបានបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូបានបីលើកមកហើយ ។

គួរបញ្ជាក់ថា ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងធ្វើការអប់រំរយៈពេល៣៦ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត៕