2024-06-05 15:19
188

ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ១៥នាក់បន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន ៧៨នាក់រួចហើយ។

ការមកដល់របស់ពលការិនីទាំងអស់ ត្រូវបានទទួលយ៉ាងកក់ក្តៅពីក្រសួងការងារ និង            បណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។

សូមរំលឹកថា ក្រោយមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីសរុបចំនួន ៧៨នាក់ហើយ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និង ការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយ ពីឱកាសការងាររ៉ាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជា ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន។ ចំណែក បងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែងស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗ ដោយស្ថានឯកអគ្គរាជទូតកម្ពុជា។

សូមបញ្ជាក់ថា ក្រោយពីទទួលលបានដំណឹង ស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរ នៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ នៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួល ជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព ៕