2024-06-05 16:04
261

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ត្រាយអេស តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល អនុប្រធាននិងសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងក្រសួង  ស្ថាប័នពាក់ព័ន្ធ តំណាងមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យ និស្សិត អង្គការអន្តរជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនានាចូលរួមផងដែរ ។

ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុ ស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ «ការ ពារកុមារពីផលិតផលថ្នាំជក់» ផ្តោតសំខាន់លើការលាតត្រដាងនូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។

ផលិតផលថ្នាំជក់ ជាកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង និងជំងឺសួត ដែលបានសម្លាប់មនុស្សប្រមាណ ៨លាននាក់ ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមផងដែរ។ ឧស្សាហកម្មថ្នាំជក់បានកែប្រែទម្រង់ ថ្មីៗ របស់ផលិតផលថ្នាំជក់ដូចជាបង្កើត បារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាដើម ដែលមានច្រើនរូបរាង និងទំហំ និងមានជាង ១៥ ០០០រសជាតិ ដើម្បីទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ ផលិតផលទាំងអស់នោះ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរ        ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការបង្ការជំងឺមិនឆ្លងជាអាទិភាពចម្បង ក្នុងនោះក្រសួងបានយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់ចេញនូវច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួតពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ឱ្យមានប្រសិទ្ធភាព និងអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផល               ថ្នាំជក់។ យ៉ាងណាមិញ រយៈពេលកន្លងមកនេះ គេសង្កេតឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន និងមានការផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភាពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ តាមរបងសាលារៀន ឬទីកន្លែងណាត់ជួបមួយចំនួនទៀត ដោយប្រើប្រាស់ខ្លឹមសារបំភាន់ថា បារីអេឡិចត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែលមានសុវត្ថិភាពជាងបារីធម្មតាជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍមូលធនមនុស្សដ៏រឹងមាំដោយ ៖ (១)ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិត ផលថ្នាំជក់ និងបារីអេឡិចត្រូនិច (២)ហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ (៣)ទប់ស្កាត់ការលក់ ចែកចាយ ឬប្រើប្រាស់បារីអេឡិចត្រូនិច និងសូមអំពាវនាវដល់យុវជន កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារីអេឡិចត្រូនិក ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។ លើសពីនេះ ក្រសួងសុខាភិបាលបានខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាពដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរដែនដី ឱ្យអ្នកជក់ផលិតផលថ្នាំជក់មកប្រើប្រាស់សេវានៅមណ្ឌលសុខភាព ដើម្បីលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។