បាត់ដំបង៖ ជនខិតខូចក្តាប់តូចកំពុងតែប្រើល្បិចកលបោកប្រាស់ និងប្រមូលប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ថានឹងបែងចែកដីធ្លីឱ្យម្នាក់មួយប្លង់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប៉ុន្តែជាការពិតប្រមូលពលរដ្ឋមកឱ្យកាសែតថតចុះផ្សាយ ដើម្បីកេងចំណេញ និងការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកទាំងបំពានច្បាប់របស់រដ្ឋ ជាហេតុនាំឱ្យមានការប៉ះពាល់ដល់បញ្ហាសន្តិសុខសង្គម បាត់បងសណ្តាប់ធ្នាប់ និងបង្កភាពស្មុកស្មាញបញ្ហាទំនាស់ដីធ្លី ដែលធ្វើឲ្យអាជ្ញារឈឺក្បាលពិបាកដោះស្រាយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតត្រង់ចំណុចដីចំការរបស់លោក ម៉ម សង ជាប្រធានភូមិគោរការ ស្ថិតក្នុងចំណុចត្រពាំងទ្រា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មានបុគ្គលឈ្មោះ យ៉ុម យ៉ួម និងឈ្មោះ ព្រឿង ជា មេចលករបំបះបំបោរ គៀងគរប្រជាពលរដ្ឋជាច្រើននាក់មកទទីកន្លែងផ្សេងៗ ដើម្បីជួបជុំថានឹងបែងចែកក្បាលដីឱ្យដីឱ្យម្នាក់មួយប្លង់ៗ ស្ថិតភូមិសាស្ត្រខាងលើ ប៉ុន្តែតាមពិតប្រមូលអ្នកឱ្យបានគ្នាច្រើន ធ្វើសន្និសីទកាសែតការពារផលប្រយោជនរបស់ខ្លួន និងបិទបាំងសកម្មភាពអាក្រករបស់ខ្លួនប៉ុណ្ណោះ។
ប្រភព័ត៌មានបានឱ្យដឹងថា មេក្លោងជាជនខិលខូចមានឈ្មោះ ព្រឿង និង យ៉ុម យ៉ួម ព្រមទាំងបក្ខពួក បានដើរប្រកូកប្រកាសឱ្យប្រជាពលរដ្ឋ ចូលរួមផ្តិតមេដៃលើក្រដាស ដើម្បីទទួលបានចំណែកដីធ្លីដែលពួកខ្លួននឹងវាស់វែងដីធ្លី ក្នុងម្នាក់ៗ ចំនួន០២ហិកតា។ ប្រភពបានឱ្យដឹងទៀត ដោយឮឈ្មោះ ព្រឿង និងយ៉ុម យ៉ួម បែកចែកដីធ្លីបែបនេះ ក៏នាំគ្នាមកផ្តិតមេដៃ ប៉ុន្តែពេលមកដល់បែរទៅធ្វើសន្និសីទកាសែតទៅវិញ ហើយមានខ្លះដឹងថា ចាញ់បោកក៏នាំគ្នាត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។
ប្រភពបន្តទៀតថា បុគ្គលរួមនេះ និងបក្ចពួកមានលោកផ្កាយពីរម្នាក់នៅពីក្រោយខ្នង បានដើរប្រមូលឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីទទូលបានដីមួយគ្រូសារ ចំនួន០២ហិចតា តម្រូវឱ្យត្រូវបង់លុយចំនួន៤ម៉ឺនរៀល ប៉ុន្តែបុគ្គលទាំងនេះមិនបានបញ្ជាក់ឱ្យច្បាស់លាស់ជាឯកសារអ្វីទេ។ ប្រភពបន្តទៀតថា ព័ត៌មានចែកដីធ្លីបានឮតៗគ្នាប្រមាណជិតមួយខែហើយ ប៉ុន្តែមិនច្បាស់លាស់មានដីពិតប្រាកដឡើយ គឺសុទ្ធជាដីពាក់បញ្ហាទំនាស់ដែលអាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត និងមានសំណុំរឿងខ្លះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលការផងដែរ។
នៅពេលមានការប្រមូលគ្នារបស់ប្រជាពលរដ្ឋ តាមការអូសទាញ និងគៀងគរពីសំណាក់បុគ្គលឈ្មោះ យ៉ុម យ៉ួម ឈ្មោះព្រឿង និងបក្ខពួកក្នុងគោលបំណងបែកចែកដីធ្លី ដែលបង្កឱ្យមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមលោក ឌី ពៅ អភិបាលរងស្រុកគាស់ក្រឡរ បានដឹកនាំកម្លាំងនគរបាលនគរបាលចុះទៅពិនិត្យស្ថានការណ៍ និងហាមឃាត់ ប៉ុន្តែបែរជាត្រូវឈ្មោះ យ៉ុម យ៉ួម ប្រើប្រាស់សម្តីអសរួសមិនសមរម្យស្តីឱ្យជាច្រើន។ លោក ឌី ពៅ បានប្រាប់ទៅក្រុមប្រជាពលរដ្ឋទាំងនោះ កុំប្រមូលផ្តុំគ្នាតវ៉ាដោយគ្មានច្បាប់ទម្លាប់រឿងដីធ្លីនាំឱ្យប៉ះពាល់សន្តិសុខ ចលាចលក្នុងសង្គម ខណៈពេលអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្រុមជនខិលខួចមួយក្រុមបានយកលិខិតមួយច្បាប់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត ជាអគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជូនទៅឱ្យរដ្ឋបាលខេត្តបាត់ដំបង ពិនិត្យមើលលទ្ធភាពជាក់ស្តែងដែលមានតំណាងពលរដ្ឋ ០៤នាក់ បានដាក់ពាក្យស្នើចុះបញ្ជីដីធ្លីនោះ បែរជាកាន់លិខិត និងឯកសារមួយចំនួនដើរអូតប្រាប់គេឯងថា «ឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានប្រគល់ដីធ្លីទំហំ ៩ ០៥៧ហិកតាឱ្យពួកខ្លួនទៅវិញ និងប្រកាសថាពួកគេមានសិទ្ធចាត់ចែងលើផ្ទៃដីនេះទាំងអស់ចង់បែងចែក ឬកាត់ត្រង់ក៏បានដែរ»។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះថា លោក សេង ឡូត អគ្គនាយកដ្ឋានរដ្ឋបាល ជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា «ក្រសួងបានប្រគល់ជូនរដ្ឋបាលខេត្តដែលជាស្ថាប័នមានសមត្ថកិច្ចថ្នាក់ក្រោមជាតិពិនិត្យកិច្ចការនឹង»។ លោកក៏បានបញ្ជាក់ទៀតថា «ពេលឃើញលិខិតស្នាមនេះ គេចេះធ្វើការហើយក្នុងនាមជាអង្គភាពមានសមត្ថកិច្ច ព្រោះមានទម្រង់នៃកិច្ចការបែបនឹងច្រើនឯកឧត្តមអភិបាលខេត្តដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ មិនមែនឃើញលិខិតតែប៉ុណ្ណឹងសាម៉ីដែលសំណើរនឹងមានសិទ្ធសម្រេច ឬទាមទាអ្វីទេ»។
សូមជម្រាបផងដែរថា កន្លងមកថ្មីៗនេះ បុគ្គលឈ្មោះ យ៉ុម យ៉ួម នេះ នាំភ្ញៀវមកដើររកទិញដីនេះ ជាកម្មសិទ្ធក្រុមហ៊ុន អេហ្គ្រីខលឈើ ហ្គ្រីន ហ្វៀល ខូលិនធីឌី នៅចំណុចត្រពាំងទ្រា ភូមិគោរការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយគ្មានខ្លាញញើតនឹងច្បាប់ឡើយ។ លោកយ៉ុម យ៉ួម និងបក្សពួកមិនដឹងជាបានដីធ្លីមកពីណា ឬសិទ្ធអំណាចអ្វីទេ? បានជាហ៊ានធ្វើកិច្ចសន្យាផ្តល់ដីទំហំ៤០០ហិកតា និងទឹកប្រាក់រហូតដល់ចំនួន១០០,០០០ដុល្លារ ខណៈពេលដែលខ្លួនមិនមានអ្វីទាំងអស់។
សូមបញ្ជាក់បន្ថែមថា លោក ឌី ពៅអភិបាលរង ស្រុកគាស់ក្រឡ ទទូលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លី ពេលទទួលបានព័ត៌មានថា មានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋ តាមរយៈការគៀងគររបស់ក្រុមឱកាសនិយមមួយក្តាប់តូចថានឹងបែងចែកដីធ្លី ដែលបង្កឱ្យមានចលាចលដល់បញ្ហាសន្តិសុខសង្គមនោះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរជាច្រើនរួប ដើម្បីចុះមកធ្វើការណែនាំបញ្ឈប់ទង្វើរបែបនេះ និងប្រាប់ប្រជាពលរដ្ឋឈប់ឱ្យចាញ់បោកតាមការអូសទាញពីមេខ្យល់ខិលខួចតទៅទៀត ព្រោះគ្មានដីពីណាមកបែងចែកនោះទេ។
នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពាក់ព័ន្ធជនខិលខូចគៀងគរប្រជាពលរដ្ឋដោយសន្យាបែងចែកដីធ្លី ស្ថិតក្នុងភូមិសាស្ត្រភូមិគោករការ ឃុំដូនបារនោះ បានយ៉ាងខ្លីថា «ករណីនេះលោកបានទទួលព័ត៌មានហើយនឹងមានវិធានការតាមផ្លូវច្បាប់»។ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើការស្រាវជ្រាវលើរឿងនេះ»៕